ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ ព្រួយបារម្ភចំពោះការកែរដ្ឋធម្មនុញ្ញ ជាលើកទី១០ យ៉ាងប្រញាប់ប្រញាល់ និងស្នើសុំឲ្យរដ្ឋាភិបាល ទម្លាក់ចោលផែនការនេះវិញ។ មន្ត្រីនាំពាក្យបក្សកាន់អំណាច ចាត់ទុកថា ការព្រួយបារម្ភនេះ គ្រាន់តែជាសេរីភាពបញ្ចេញមតិប៉ុណ្ណោះ មិនអាចបញ្ឈប់ការកែរដ្ឋធម្មនុញ្ញបានឡើយ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ព្រួយបារម្ភជាខ្លាំង ចំពោះរដ្ឋាភិបាល លោក ហ៊ុន សែន ក្រុមប្រឹក្សាធម្មនុញ្ញ និងរដ្ឋសភា ដែលកំពុងជំរុញដំណើរការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ យ៉ាងប្រញាប់ប្រញាល់ ខណៈស្ថានភាពប្រទេសកម្ពុជា កំពុងមានវិបត្តិនយោបាយ វិស័យសេដ្ឋកិច្ចធ្លាក់ចុះ ទំនិញលើទីផ្សារ និងប្រេងឥន្ធនៈឡើងថ្លៃ ព្រមទាំងភាពអយុត្តិធម៌សង្គម ក៏កើនឡើងជាដើម។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លើកឡើងក្នុងសេចក្ដីថ្លែងការណ៍ ចុះថ្ងៃទី២០ ខែកក្កដា ថា រដ្ឋធម្មនុញ្ញបច្ចុប្បន្ន មានតម្លៃគ្រប់គ្រាន់ ក្នុងការធានាប្រក្រតីភាព និងយន្តការការងាររបស់ស្ថាប័នជាតិ។ ដូច្នេះ ពុំគួរមានភាពចាំបាច់ណាមួយ ធ្វើការកែប្រែរដ្ឋធម្មនុញ្ញ ដែលមជ្ឈដ្ឋានសាធារណៈមើលឃើញថា «កែរដ្ឋធម្មនុញ្ញ ដើម្បីបំពេញបំណងរបស់អ្នកកាន់អំណាច»។
សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ថ្លែងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ទាំងតក់ក្រហល់ក្នុងស្ថានភាពមិនចាំបាច់ និងដោយគ្មានការធ្វើប្រជាមតិ ពីប្រជាពលរដ្ឋ និងសង្គមស៊ីវិលបែបនេះ មិនឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋនោះទេ។ តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា រូបនេះ អំពាវនាវឲ្យរដ្ឋាភិបាល ក្រុមប្រឹក្សាធម្មនុញ្ញ និងរដ្ឋសភា បញ្ឈប់ការកែរដ្ឋធម្មនុញ្ញនេះជាបន្ទាន់ ហើយងាកមកដោះស្រាយបញ្ហាជាតិជាច្រើន ដែលកំពុងប្រឈមនៅចំពោះមុខ។ បញ្ហាអាទិភាពទាំងនោះ ដូចជា ការផ្សះផ្សានយោបាយជាតិ ការដោះស្រាយបញ្ហាសេដ្ឋកិច្ចជាតិធ្លាក់ចុះ ទប់ស្កាត់ទំនិញ និងប្រេងសាំងកុំឲ្យឡើងថ្លៃ ព្រមទាំងដោះស្រាយភាពអយុត្តិធម៌សង្គម ជូនពលរដ្ឋរងគ្រោះជាដើម។
លោក រ៉ុង ឈុន ៖ «រដ្ឋធម្មនុញ្ញជាច្បាប់កំពូលហើយរាល់ការធ្វើវិសោធនកម្ម ត្រូវពិនិត្យនិងត្រូវធ្វើប្រជាមតិស្វែងរកការគាំទ្រ ហើយអ្នកកាន់អំណាច ក៏ត្រូវស្ដាប់មតិប្រជាពលរដ្ឋ ក៏ដូចជាអង្គការសង្គមស៊ីវិលដែរថា តើមានសំឡេងប៉ុន្មានគាំទ្រ ហើយមានសំឡេងប៉ុន្មានមិនគាំទ្រមិនមែនធ្វើស្ងាត់ៗ ហាក់ដូចជាឆក់កណ្ដៀតបែបនេះ ហើយក្នុងកាលៈទេសៈនេះ យើងដឹងហើយថា មានការងារជាច្រើន ត្រូវតែរដ្ឋាភិបាល និងរដ្ឋសភា យកចិត្តទុកដាក់ដោះស្រាយដូចទំនិញឡើងថ្លៃ ប្រេង ឥន្ធនៈឡើងថ្លៃវិបត្តិទំនាស់ ដូចជាករណីណាហ្គាវើលដ៍ ទំនាស់ដីធ្លី និងករណីកសិកម្ម គ្មានទីផ្សារជាដើម»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ដែលមាន ទម្លាប់កំណត់នាទី និងលក្ខខណ្ឌ មិនឲ្យអ្នកកាសែតសួរដេញដោលនោះ ថ្លែងថា ការព្រួយបារម្ភរឿងកែរដ្ឋធម្មនុញ្ញនេះ គ្រាន់តែមតិមួយ ប៉ុន្តែគ្មានន័យអ្វីឡើយសម្រាប់រដ្ឋាភិបាល។
លោក ឈឹម ផលវរុណ ៖ «នរណាក៏ដោយ ក៏មានសិទ្ធិសេរីភាពបញ្ចេញមតិ ហើយនរណាក៏ដោយ ក៏មានសិទ្ធិសេរីភាពដេកព្រួយបារម្ភអំពីការវិវឌ្ឍរបស់ប្រទេស ជាតិខ្លួន ប៉ុន្តែជាមួយនឹងការព្រួយបារម្ភមនុស្សម្នាក់ៗ មិនគួរសម្ដែងត្រឹមតែព្រួយបារម្ភទេ ត្រូវលើកជាហេតុផល ហើយនឹងការយល់ដឹងរបស់ខ្លួនឲ្យបានច្បាស់លាស់។ អាហ្នឹងបានវាផ្តល់នូវប្រយោជន៍ដល់អ្នកដទៃក្នុងការគិត និងថ្លឹងថ្លែងផងដែរ»។
ទោះជាយ៉ាងណា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានលើកហេតុផលជាច្រើន ដែលថា ការកែរដ្ឋធម្មនុញ្ញនេះ មិនបានបម្រើផលប្រយោជន៍ប្រជាជាតិខ្មែរឡើយ គ្រាន់តែតម្រូវទៅតាមការចង់បានក្រុមមេដឹកនាំបក្សកាន់អំណាចប៉ុណ្ណោះ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បញ្ជាក់ថា ការកែមាត្រា ១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ គឺបង្ហាញពីគោលបំណងនៃការចាត់តាំងនាយករដ្ឋមន្ត្រីថ្មី និងរដ្ឋាភិបាលនៅពេលណាក៏បាន តាមការចង់បានរបស់បក្សកាន់អំណាច។ ចំពោះការកែមាត្រា ១១៩ថ្មីនោះវិញ គឺគ្រាន់តែជាការបង្កភាពងាយស្រួល ក្នុងការចាត់តាំងបុគ្គលណាម្នាក់ ជានាយករដ្ឋមន្ត្រី តាមរយៈការប្រគល់អំណាចឲ្យគណបក្ស ដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា ជាអ្នកស្នើសុំឲ្យព្រះមហាក្សត្រ ចាត់តាំងនាយករដ្ឋមន្ត្រីថ្មី។ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាចាត់ទុកថា ទង្វើនោះ ជាការកាត់បន្ថយអំណាចរដ្ឋសភា ដែលផ្ទុយពីគោលការណ៍សភានិយមក្នុងរបបប្រជាធិបតេយ្យសេរី។ លើសពីនេះ ការកែមាត្រាដទៃទៀត សុទ្ធតែបង្ហាញការពីការការពាររដ្ឋាភិបាលថ្មីមួយ ក្រោយទទួលបានការតែងតាំងរួចរាល់។
លោក រ៉ុង ឈុន លើកឡើងថា ទោះបីជាស្ថិតស្ថានភាពនៃការរឹតត្បិតសិទ្ធិសេរីភាពក្ដី លោក និងពលរដ្ឋផ្សេងទៀត នៅតែខិតខំតស៊ូមតិ ឲ្យរដ្ឋាភិបាលពិចារណាឡើងវិញ ដើម្បី កុំឲ្យចេះតែកែរដ្ឋធម្មនុញ្ញជាបន្តបន្ទាប់ នាំឲ្យប៉ះពាល់ដល់ខ្លឹមសារដើម ឆ្នាំ១៩៩៣។
លោក រ៉ុង ឈុន ៖ «មិនមានបម្រើផលប្រយោជន៍ជាតិ វាគ្រាន់បម្រើផលប្រយោជន៍ក្រុមអ្នកមានអំណាច មានឥទ្ធិពលតែប៉ុណ្ណឹងហើយមួយទៀត យើងមើលឃើញថា ហាក់បីដូចជាលោកនាយករដ្ឋមន្ត្រី បាត់បង់ជំនឿចិត្ត ទៅលើក្រុមខ្លួនគាត់។ ឧទាហរណ៍ គាត់ថា មានប្រជាប្រិយភាពខ្ពស់ មានគាំទ្រខ្ពស់។ ដូច្នេះ រឿងអីត្រូវធ្វើវិសោធនកម្មបែបហ្នឹង។ វាមិនមានអីដែលត្រូវជាប់គាំងទេ។ អ៊ីចឹង មានតែផ្ទៃក្នុងរបស់គាត់ ត្រូវគាត់ បាត់បង់ការគាំទ្រពីផ្ទៃក្នុងរបស់គាត់ ផងដែរ»។
មកទល់ពេលនេះ សេចក្ដីស្នើវិសោធនកម្មចំនួន៦ មាត្រានៃរដ្ឋធម្មនុញ្ញ និង ២ មាត្រា នៃធម្មនុញ្ញបន្ថែមដ៏ចម្រូងចម្រាសនេះ បានចូលដល់ដៃរដ្ឋសភាឯកបក្សហើយ ដែលគ្រោងនឹងអនុម័តជាការប្រញាប់ តាមការចង់បានរបស់លោក ហ៊ុន សែន។
ក្រៅពីក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានេះ គណបក្សនយោបាយ ក្រុមអង្គការសង្គមស៊ីវិល អ្នកវិភាគ និងប្រជាពលរដ្ឋមួយចំនួន បានជំទាស់ជាហូរហែចំពោះការកែរដ្ឋធម្មនុញ្ញលើកទី១០ នេះ។ ពួកគាត់មើលឃើញដូចៗ គ្នាថា កែរដ្ឋធម្មនុញ្ញនេះ គឺជាការបើកផ្លូវឲ្យលោក ហ៊ុន សែន ផ្ទេរអំណាចឲ្យកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត នៅពេលខាងមុខ ហើយពង្រឹង និងការពារអំណាចនោះ ឲ្យបានរឹងមាំដោយគ្មានក្រុមណាមួយ អាចប៉ះពាល់បាន៕
No comments:
Post a Comment