ដោយៈ គង់ សូរិយា
ភ្នំពេញៈ រាជធានីភ្នំពេញ មានដង់ស៊ីតេប្រជាជន ៣ ៣៦១ នាក់/គីឡូម៉ែត្រការ៉េ ស្របពេលដង់ស៊ីតេប្រជាជន គឺជាសន្ទស្សន៍សំខាន់មួយនៃសូចនាករប្រជាសាស្រ្ត។
សូចនាករប្រជាសាស្រ្ត សំដៅដល់ការវាស់វែង នៃការប្រមូលផ្ដុំរបស់ប្រជាជន ដោយគិតជាចំនួនមនុស្សរស់នៅ ក្នុងបរិវេណដីក្នុងមួយគីឡូម៉ែត្រការ៉េ។ គេគណនាដោយយកចំនួនប្រជាជន ចែកនឹងផ្ទៃដីសរុបនៅក្នុងតំបន់ជាក់លាក់មួយ។
យោងតាមជំរឿនប្រជាជនឆ្នាំ២០១៩ ដែលរៀបចំឡើងដោយវិទ្យាស្ថានស្ថិតិនៃក្រសួងផែនការ ដែលចេញផ្សាយជាផ្លូវការកាលពីពេលថ្មីៗនេះ ដង់ស៊ីតេប្រជាជនកម្ពុជានៅទូទាំងប្រទេស មាន៨៧នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ កើនឡើង១២នាក់ ពី៧៥នាក់នៅឆ្នាំ២០០៨។
បើគិតទៅតាមភូមិសាស្រ្ត ដង់ស៊ីតេប្រជានជននៅតំបន់វាលទំនាបមានចំនួនខ្ពស់បំផុតគឺមានចំនួន៣០៥នាក់ បន្ទាប់មកតំបន់ទន្លេសាប៧២នាក់ តំបន់ឆ្នេរ៦២នាក់ ខណៈតំបន់ខ្ពង់រាប និងភ្នំ មានដង់ស៊ីតេទាបជាងគេគឺត្រឹម ២៩នាក់។
ចំណែកនៅរាជធានីភ្នំពេញ ដែលជាបេះដូងរបស់កម្ពុជា ដែលជាតំបន់ប្រមូលផ្ដុំមជ្ឈមណ្ឌលពាណិជ្ជកម្ម សេដ្ឋកិច្ច សង្គម និងវប្បធម៌ដែលជាប្រភពទាក់ទាញ ស្រូបយកការធ្វើចំណាកស្រុក ពីបណ្ដាខេត្តផ្សេងៗ។ដូចនេះហើយភ្នំពេញ មានដង់ស៊ីតេខ្ពស់ជាងគេ គឺដល់ទៅ៣ ៣៦១ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ រាជធានីមួយនេះ មានប្រជាជន២.២៨ លាននាក់ ដែលរស់នៅលើផ្ទៃដីសរុប៦៧៩ គីឡូម៉ែត្រការ៉េ។
បន្ទាប់មកគឺខេត្តកណ្ដាល តាកែវ ព្រៃវែងកំពង់ចាម ស្វាយរៀង ព្រះសីហនុ ដែលមានដង់ស៊ីតេប្រជាជន យ៉ាងហោចណាស់១៥០នាក់។ ខេត្តកោះកុង និងមណ្ឌលគិរី មានដង់ស៊ីតេទាបជាងគេ១២នាក់ និង៦នាក់ រៀងគ្នាក្នុងមួយម៉ែត្រការ៉េ៕
No comments:
Post a Comment