ដោយ៖ សុផារី
ភ្នំពេញ៖ ស្របពេលការអភិវឌ្ឍអាគារនានានៅលើកោះនរាកំពុងដំណើរការ ក្រុមហ៊ុនអភិវឌ្ឍ សញ្ជតិសិង្ហបុរីមួយគឺ AKRAM Development Co., Ltd បានប្រកាសគម្រោងអភិវឌ្ឍអាគារបែបប្រណីតលំដាប់កំពូលមួយ នៅលើដីទំហំជាង៣,៥ហិកតា ដែលបានទិញពីក្រុមហ៊ុន OCIC។
ការចុះហត្ថលេខាលើការទិញលក់ជាផ្លូវការ ក្រោមវត្តមានរបស់លោក Kelvin Chua ជាអគ្គនាយកនៃ AKRAM Development Co., Ltd និង លោក Melvin Poh ដែលជានាយកផ្នែកអភិវឌ្ឍ AKRAM និងលោកឧកញ៉ា ពុង ឃាវសែ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC ដោយគម្រោងនេះត្រូវបានព្យាករណ៍ថា មានទំហំទឹកប្រាក់ច្រើនជាង១៥០លានដុល្លាអាមេរិក។
លោក Kelvin Chua អគ្គនាយកAKRAM បានឱ្យដឹងថា ការទិញដី ក្នុងគោលបំណងអភិវឌ្ឍនូវគម្រោងបែបប្រណីតលំដាប់កំពូល ដែលមិនធ្លាប់បានឃើញពីមុនមកនៅកម្ពុជា ដោយសារលោកបានមើលឃើញពីការកើនឡើងតម្រូវការគម្រោងបែបប្រណីតលំដាប់កំពូល ព្រោះដំណាក់កាលនៃជម្ងឺឆ្លងបានលើកទឹកចិត្តប្រជាជនទាំងអស់កាន់តែយកចិត្តទុកដាក់លើផាសុកភាព និងគុណភាពជីវិត។
លោកបានបន្តថា កោះនរា គឺជាទីតាំងយុត្តិសាស្ត្រដ៏មុតមាំមួយ ដែលមិនត្រឹមតែស្ថិតនៅជាប់នឹងដងទន្លេមេគង្គប៉ុណ្ណោះទេ តែក៏ស្ថិតនៅកៀកជាមួយនឹងទីតាំងដ៏ពិសិទ្ធ២ផ្សេងទៀត គឺទីក្រុងកោះពេជ្រ និងណាហ្គាវើលផងដែរ។
លោកថា "ដោយកត្តាទីតាំងស្ថិតនៅក្នុងតំបន់សក្ដានុពល ព្រមជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលនៃដងទន្លេមេគង្គ បានធ្វើឲ្យគុណតម្លៃនាពេលអនាគតនៅទីនេះ កាន់តែមានសន្ទុះជាលំដាប់"។
លោក Melvin នាយកផ្នែកអភិវឌ្ឍ AKRAM និងជាអ្នកជំនាញផ្នែកអចលនទ្រព្យលំដាប់ខ្ពស់ និងប្រណីតបានមានប្រសាសន៍ថា "ជាមួយនឹងបទពិសោធន៍ជាង២០ឆ្នាំនៅក្នុងការអភិវឌ្ឍគម្រោងប្រណីត និងអចលនទ្រព្យលំដាប់ខ្ពស់ ព្រមជាមួយនឹងស្ថាបត្យកម្ម និងភាពច្នៃប្រឌិតដ៏ល្អដាច់គេ យើងជឿជាក់ថាគម្រោងអភិវឌ្ឍនេះនឹងជាផលិតផលដែលឈានមុខគេនៅក្នុងទីផ្សារអចលនទ្រព្យប្រណីតក្នុងតំបន់"។
ក្រុមហ៊ុន OCIC បានធ្វើការសាងសង់ស្ពានចំនួន២ ដែលស្ពានមួយសម្រាប់តភ្ជាប់ទៅតំបន់កោះពេជ្យ និងមួយទៀតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ១ ហើយស្ពាននីមួយៗត្រូវចំណាយទុនរហូតដល់៣៨លានដុល្លាអាមេរិក។ ស្ពានតភ្ជាប់កោះនរាមកកាន់ទីក្រុងកោះពេជ្យត្រូវបានប៉ាន់ស្មានថានឹងបើកដំណើរការនៅក្នុងឆ្នាំ២០២៣ ខណៈស្ពានភ្ជាប់ទៅកាន់ផ្លូវជាតិលេខ១ គ្រោងបើកឱ្យប្រើប្រាស់នៅដើមខែតុលា ឆ្នាំ២០២២៕
No comments:
Post a Comment