ដោយ៖ សុផារី
ភ្នំពេញ៖ ស្ពានអាកាសចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ គ្រោងចំណាយថវិកា១០លានដុល្លារអាមេរិក ចំណាយពេលសាងសង់១៦ខែ។
ស្ពានអាកាសនេះនឹងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ស្របពេលជាមួយការកសាងស្ពានអាកាសនៅត្រង់ចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយផ្លូវលេខ២៧១ ដែលជាគម្រោងចំណាយថវិកាជាង៣៦,៧៧លានដុល្លារអាមេរិក និងចំណាយពេលសាងសង់៣៦ខែ។
ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវ២០០៤) ជាស្ពានអាកាសទ្វេទិស ដែលមានពីរគន្លងទៅ និងពីរគន្លងមក។
បណ្តោយស្ពានសរុបមានប្រវែង៥១៦ម៉ែត្រ ទទឹងតួស្ពាន មានទំហំ១៥,៨០ម៉ែត្រ។ ក្នុងនោះបណ្តោយស្ពាន មានប្រវែង២៣៥ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពាន ខាងកើត មានប្រវែង១៤០ម៉ែត្រ និងផ្លូវតភ្ជាប់ក្បាលស្ពានលិច មានប្រវែង១៤១ម៉ែត្រ។
នៅខាងក្រោមស្ពានមានផ្លូវសងខាង ស្របតាមមហាវិថីសហព័ន្ធរុស្ស៉ី ដែលជាចំណុចប្រសព្វជាមួយមហាវិថីសម្តចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវ២០០៤) និងផ្លូវលេខ២០១១។
រហូតមកដល់ពេលនេះ នៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៦ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស៧មករា ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៥មករា ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬស្ពានអាកាសផ្សារដីហ៊ុយ និងស្ពានអាកាសរង្វង់មូលចោមចៅ និងស្ពានអាកាសលើផ្លូវជាតិលេខ៥ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២៕
No comments:
Post a Comment