ដោយ៖ សុផារី
ភ្នំពេញ៖ នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តលើគម្រោងវិនិយោគចំនួន៤៧គម្រោង ដែលមានដើមទុនសរុបប្រមាណ២,៥ពាន់លានដុល្លារអាមេរិក ក្នុងអត្រាកំណើនប្រមាណ១៤,២% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១។
គម្រោងវិនិយោគទាំងនោះផ្ដោតលើ គម្រោងសាងសង់មជ្ឈមណ្ឌលភស្ដុភារកម្ម និងកំពង់ផែពហុបំណង វារីអគ្គិសនី ការផលិតសំបកកង់ឡាន សណ្ឋាគារ រោងចក្រស៊ីម៉ង់ត៍ ការដាំដុះចេកនិងផ្លែឈើផ្សេងៗ រោងចក្រដំឡើងរថយន្ដ និងមន្ទីរពេទ្យ ជាដើម។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថា បើពិនិត្យមើលរបាយការណ៍របស់ក្រសួងរៀបចំដែនដី នៅឆមាសទី១ឆ្នាំនេះឃើញថា ចំនួននៃការស្នើសុំគម្រោងវិនិយោគ ក្នុងវិស័យសំណង់ មានការថយចុះជាងឆ្នាំ២០២១បន្ដិច។ ទោះបីជាយ៉ាងនេះក្ដី នេះគ្រាន់តែជាសញ្ញានៃការស្នើសុំចាប់ផ្ដើមគម្រោងវិនិយោគ ក្នុងវិស័យសំណង់សារជាថ្មីឡើងវិញ នៅឆមាសទី១ ឆ្នាំ២០២២ប៉ុណ្ណោះ។
លោកបង្ហាញសុទិដ្ឋិនិយមថា គម្រោងវិនិយោគវិស័យសំណង់ នៅក្នុងប្រទេសកម្ពុជា នឹងមានការកើនឡើងជាបន្ដបន្ទាប់ នៅចុងឆ្នាំ២០២២ ឬក៏នៅឆ្នាំ២០២៣ខាងមុខនេះ។ ការដាក់ពាក្យស្នើសុំ ក្នុងគម្រោងវិនិយោគវិស័យសំណង់ គឺវាមិនទាន់បានបញ្ចប់នៅឡើយទេ ដោយសារតែការស្នើសុំពេលខ្លះអនុវត្ដ និងពេលខ្លះពន្យារពេលការអនុវត្ដ។
លោកថា ចំណុចដែលសំខាន់ជាងគេ គឺការអនុវត្ដគម្រោង ដែលបានស្នើសុំទាំងអស់នេះ គឺជាកត្ដាសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យសំណង់ និងអចលនទ្រព្យ ឱ្យកាន់តែមានការរីកចម្រើន ខណៈចរន្ដនៃការដោះដូរអចលនទ្រព្យមានការធ្លាក់ចុះបន្ដិច និងភាគច្រើនវិនិយោគិនជាជនជាតិខ្មែរ ហើយជនបរទេសមានការថមថយមួយចំនួនធំ។
យ៉ាងណាក្តី លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងនៅក្នុងវេទិកាលើកទី១០ ស្តីពីកិច្ចសម្រួលពាណិជ្ជកម្មអាស៊ី-ប៉ាស៊ីហ្វិក ពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ថា ទោះបីជាទំហំពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជាមានការកើនឡើងជាវិជ្ជមាន ក្នុងរយៈពេល១៨ខែចុងក្រោយនេះក៏ដោយ ក៏កម្ពុជានៅតែបន្ដជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន។
លោករដ្ឋលេខាធិការ បានឱ្យដឹងថា បញ្ហាប្រឈមទាំងនោះមានដូចជា ភាពមិនច្បាស់លាស់នៃវិបត្តិកូវីដ-១៩ ធ្វើឱ្យប្រទេសមួយចំនួននៅបន្ដអនុវត្តវិធានការសុខាភិបាលតឹងតែង និងការកម្រិតលទ្ធភាពនៃការធ្វើដំណើរ ជម្លោះរវាងរុស្សីនិងអ៊ុយក្រែន ដែលបានធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ជាសកល ពិសេសធ្វើឱ្យថ្លៃប្រេង និងវត្ថុធាតុដើមចាំបាច់មួយចំនួនមានការរកើនឡើង។
លោកបន្តថា ក្រៅពីនេះ កង្វះខាតហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ព័ត៌មាន និងទំនាក់ទំនង (ICT) ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការធ្វើសមាហរណកម្មឌីជីថល និងកិច្ចសម្រួលពាណិជ្ជកម្មឌីជីថល ក៏នៅចោទជាបញ្ហាដល់កម្ពុជា៕
No comments:
Post a Comment