The Cambodia Daily
02nd-5-2023
ក្រុមអ្នកឃ្លាំមើលនិយាយថា ការចុះចូលជាមួយបក្សកាន់អំណាចរបស់សកម្មជន និងមន្ត្រីបក្សក្រៅរដ្ឋាភិបាល គឺជាទង្វើជាន់ពន្លិចអ្នកប្រជាធិបតេយ្យ និងគាំទ្រនយោបាយទុច្ចរិត របស់បក្សកាន់អំណាច លោក ហ៊ុន សែន។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១ ឧសភា នេះថា ការចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ពិតមែនថាជាសេរីភាពស្របច្បាប់ របស់បុគ្គលម្នាក់ៗ ប៉ុន្តែសេរីភាព ក៏ត្រូវភ្ជាប់ជាមួយឧត្តមគតិដែរ។ លោកបន្ថែមថា គណបក្សប្រជាជនកម្ពុជា ចាប់តាំងពីបង្កើតមក និងផែនការរៀបចំទៅថ្ងៃអនាគត មិនមែនដើម្បីលទ្ធិប្រជាធិបតេយ្យ សម្រាប់ប្រទេសកម្ពុជានោះទេ ត្បិតទង្វើជាក់ស្តែងដែលបក្សនេះ បានធ្វើកន្លងមក គឺតាមកម្ទេចអ្នកប្រជាធិបតេយ្យ និងបង្កើតការដឹកនាំតាមបែបក្រុមគ្រួសារនិយមប៉ុណ្ណោះ។
លោក ម៉ែន ណាត លើកឡើងថា ក្រៅពីតាមកម្ទេចអ្នកប្រជាធិបតេយ្យរបស់បក្សនេះ ក៏ធ្វើឱ្យកម្ពុជា បាត់បង់ទឹកដីទៅបរទេសជិតខាង តាមរយៈឯកសារខុសច្បាប់ ដែលលោក ហ៊ុន សែន បានចុះហត្ថលេខាកន្លងមកជាបន្តបន្ទាប់ ខណៈធនធានធម្មជាតិរបស់ខ្មែរ ដូចជាព្រៃឈើ រ៉ែ និងថវិកាជាតិ ក៏ត្រូវក្រុមគ្រួសារ ព្រមទាំងបក្ខពួករបស់លោក ហ៊ុន សែន បំផ្លាញពីមួយអាណត្តិទៅមួយអាណត្តិដែរ ដែលជាហេតុធ្វើឱ្យប្រទេសជាតិ ជំពាក់បំណុលបរទេសកាន់តែធ្ងន់ទៅៗដូចសព្វថ្ងៃនេះ។
អនុប្រធានវេទិកាពលរដ្ឋ រូបនេះ បញ្ជាក់ថា ទង្វើដែលគណបក្សប្រជាជនកម្ពុជា បានធ្វើជាង ៤០ឆ្នាំ ក្នុងការដឹកនាំរបស់ខ្លួន ដូចដែលបានរៀបរាប់ខាងលើ គឺជាទង្វើរំលោភច្បាប់ រំលោភព្រះមហាក្សត្រ រំលោភសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋធ្ងន់ធ្ងរ ដូច្នេះការចុះចូលរបស់សកម្មជន និងមន្ត្រីបក្សក្រៅរដ្ឋាភិបាល គឺជាការជួយបិទបាំង និងលើកទឹកចិត្តឱ្យបក្សកាន់អំណាចកាន់ តែប្រព្រឹត្តនូវទង្វើជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យ កាន់តែធ្ងន់ធ្ងរទៅវិញ។
កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ អតីតប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ បានប្រកាសជាសាធារណៈសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយអះអាងថា កិច្ចការដែលខ្លួនបានធ្វើកន្លងមក គឺទទួលបានផលប្រយោជន៍តិចតួចសម្រាប់ជាតិមាតុភូមិ ដូច្នេះលោកមើលឃើញថា មានតែចូលជាមួយគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ទើបអាចជួយប្រទេសជាតិបានច្រើនទៅថ្ងៃមុខ។
លោក សួង សុភ័ណ្ឌ បញ្ជាក់ថា ចាប់ពីពេលនេះតទៅ លោកគឺជាមនុស្សរបស់គណបក្សប្រជាជនកម្ពុជា និងជាមនុស្សរបស់រដ្ឋាភិបាលបក្សកាន់អំណាចជារៀងរហូត ដូច្នេះលោកនឹងធ្វើអ្វីៗ ដើម្បីផលប្រយោជន៍ជាតិដោយឥតងាករេ។
ក្រោយពីការប្រកាសចុះចូលរបស់លោក សួង សុភ័ណ្ឌ ភ្លាម មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានប្រកាសតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមរបស់លោកថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា លោកសូមស្វាគមន៍ចំពោះលោក សួង សុភ័ណ្ឌ ដែលពេញចិត្តសុំមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបន្ថែមថា ក្នុងនាមរាជរដ្ឋាភិបាល លោកស្នើសុំព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងលោក សួង សុភ័ណ្ឌ ជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ផងដែរ។
ព្រះមហាក្សត្រខ្មែរ បានត្រាស់បង្គាប់តែងតាំងលោក សួង សុភ័ណ្ឌ ជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នេះ។
ក្នុងរយៈពេលចុងក្រោយនេះ សកម្មជន និងមន្ត្រីជាន់ខ្ពស់បក្សក្រៅរដ្ឋាភិបាល បាននាំគ្នាចុះចូលជាមួយបក្សកាន់អំណាច ជាបន្តបន្ទាប់ ដូចជាលោក យឹម ស៊ីណន អតីតប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសកូរ៉េខាងត្បូង លោក ហ៊ុន កុសល សកម្មជនបក្សប្រឆាំង លោក ប៉ែន ផល្លីកា អតីតអនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តសៀមរាប និងលោក ប៉ែន រដ្ឋា ដែលជាអតីតអ្នកតាក់តែងគោលនយោបាយសុខាភិបាល របស់អតីតគណបក្សសង្គ្រោះជាតិ និង ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ដែលប្រកាសចុះចូល នៅពេលនេះជាដើម។
កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ លោក សួង សុភ័ណ្ឌ ត្រូវបានតុលាការក្រុងភ្នំពេញឃុំខ្លួន ពីបទញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ឱ្យជាប់ពន្ធនាគារ ២០ខែ និងបង្គាប់ឱ្យបង់ប្រាក់ ២ ពាន់លានរៀល (ឬប្រហែល ៥០ម៉ឺនដុល្លារ) ដល់គណៈកម្មាធិការកិច្ចការព្រំដែនផងដែរ បន្ទាប់ពីលោក បញ្ចេញមតិរឿងព្រំដែនកម្ពុជា-វៀតណាម។ យ៉ាងណាក៏ដោយ នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ តុលាការបានសម្រេចដោះលែងលោក ដោយព្យួរទោសសាកល្បងរយៈពេល ៣ឆ្នាំ ឱ្យនៅក្រៅឃុំបណ្ដោះអាសន្នវិញ៕
.
No comments:
Post a Comment