លោក ហ៊ុន សែន ប្រកាសថា មិនបិទបណ្ដាញសង្គម Facebook នៅកម្ពុជានោះទេ
RFA Khmer /ដោយ សេក បណ្ឌិត
01st-7-2023
លោក ហ៊ុន សែន ចេញសារជាសំឡេងបន្ទាន់មួយ នៅយប់ថ្ងៃទី៣០ មិថុនា ប្រកាសថា លោកមិនបិទបណ្ដាញសង្គម Facebook នៅកម្ពុជានោះទេ ដោយលោកបិទតែគណនីហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោកតែប៉ុណ្ណោះ។
លោកថ្លែងទៀតថា បណ្ដាញសង្គម Facebook មានប្រយោជន៍ច្រើនណាស់សម្រាប់ប្រជាពលរដ្ឋ ព្រោះជាតម្រូវការរបស់ប្រជាជនប្រើប្រាស់។
ទោះយ៉ាងណាលោកព្រមានថា លោកមិនល្ងង់ទៅបិទហ្វេសប៊ុក បិទដង្ហើមប្រជាពលរដ្ឋនោះទេ ហើយក៏មិនល្ងង់ឲ្យក្រុមប្រឆាំង យកករណីនេះទៅបំផុសពលរដ្ឋដែលគិតថា លោកនឹងបិទហ្វេសប៊ុកម កបង្កើតកំហឹងជាមួយ ហ៊ុន សែន នោះដែរ។ ប៉ុន្តែលោក ហ៊ុន សែន ព្រមានមិនឲ្យក្រុមហ៊ុនហ្វេសប៊ុក ដាក់តំណាងរបស់ខ្លួននៅកម្ពុជាដើម្បីប្រមូលលុយពីពលរដ្ឋដោយងាយស្រួលនោះដែរ។
លោក ហ៊ុន សែន៖ «ខ្ញុំមិនចាំបាច់ឲ្យពួកគេមានតំណាងទៀតទេ ឯរឿងបិទហ្វេសប៊ុក អត់មានទេ...សូមស្តាប់ឲ្យច្បាស់......»។
ការប្រកាសប្តូរចិត្តភ្លាមៗទាំងយប់អធ្រាត្របែបនេះ ក្រោយពីមានប្រតិកម្មពីគ្រប់មជ្ឈដ្ឋាន ជាពិសេសពលរដ្ឋ ថា ការព្រមានបិទហ្វេសប៊ុកនេះ ជាការវាយកម្ទេចឆ្នាំងបាយពួកគេ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ហើយវាជារឿងអាម៉ាស់របស់លោក ហ៊ុន សែន ដែលសម្រេចលុបហ្វេសប៊ុកនេះ៕
-----------
អ្នកវិភាគថា លោក ហ៊ុន សែន ព្យាយាមលុបលាងភាពអាម៉ាស់ ទើបព្រមានបិទហ្វេសប៊ុក
RFA Khmer /ដោយ ថា ថៃ
30-6-2023
អ្នកវិភាគមើលឃើញថា មូលហេតុដែលលោក ហ៊ុន សែន ព្រមានបិទហ្វេសប៊ុកលែងឱ្យពលរដ្ឋប្រើប្រាស់ ដោយសារលោកកំពុងរងភាពអាម៉ាស់ នៅចំពោះមុខប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិ។ ចំណែកមន្ត្រីសិទ្ធិមនុស្សព្រួយបារម្ភថា ប្រសិនបើលោក ហ៊ុន សែន បញ្ជាឱ្យបិទហ្វេសប៊ុកមែន នឹងធ្វើឱ្យជាតិនិងពលរដ្ឋខាតបង់ច្រើន។
លោក ហ៊ុន សែន ដែលធ្លាប់អួតអាងថា ជាអ្នកពូកែលេងហ្វេសប៊ុក និងមានអ្នកចុចតាមដានច្រើនជាងគេបំផុត បានសម្រេចចិត្តយ៉ាងតក់ក្រហល់ភ្លាមៗ ឈប់ប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមមួយនេះតែម្ដង បន្ទាប់ពីដឹងថា ក្រុមហ៊ុនមេតា(Meta) នឹងបញ្ឈប់លោកមិនឲ្យប្រើប្រាស់ហ្វេសប៊ុក រយៈពេល ៦ខែ។ លើសពីនេះ លោក ហ៊ុន សែន ព្រមានឈប់ឱ្យពលរដ្ឋប្រើប្រាស់ហ្វេសប៊ុកថែមទៀត។
លោក ហ៊ុន សែន នៅក្នុងពិធីចុះរកសំឡេងឆ្នោត ពីកម្មករកម្មការិនីនៅខេត្តពោធិ៍សាត់ នៅថ្ងៃទី៣០មិថុនា បានព្រមានបញ្ជាបិទជាស្ថាពរ លែងឱ្យពលរដ្ឋប្រើប្រាស់ហ្វេសប៊ុក ប្រសិនបើក្រុមប្រឆាំងនៅក្រៅប្រទេស សើចចំអកឌឺដង ដែលលោកបានលុបចោលទំព័រហ្វេសប៊ុក (Facebook) ជាផ្លូវការ ហើយអំពាវនាវឱ្យពលរដ្ឋ ងាកទៅប្រើប្រាស់ប្រព័ន្ធតេឡេក្រាម (Telegram) របស់ប្រទេសរុស្ស៊ី និង តិកតុក (TikTok) របស់ប្រទេសចិន។
លោក ហ៊ុន សែន៖«គ្រាន់តែប្រដៅពួកអ្នកក្រៅស្រុក កំពុងតែសប្បាយ ដែលខ្ញុំបំផ្លាញចោលហ្វេសប៊ុក។ ប៉ុន្តែ ខ្ញុំនឹងផ្ដាច់ជើងលោកឯង ប្រសិនបើលោកឯងព្រហើន ខ្ញុំនឹងបិទហ្វេសប៊ុកមិនឱ្យប្រើប្រាស់ក្នុងមួយរយៈខ្លី ឬមួយជាស្ថាពរ។ លោកឯងគិតយ៉ាងម៉េច ប៉ុន្តែខ្ញុំមិនចង់ប៉ះពាល់ ទៅដល់ប្រជាជនទេ។ ប៉ុន្តែ អ្នកឯង កុំភាន់ច្រឡំ ជាមួយយុទ្ធសាស្ត្រ ហ៊ុន សែន ឱ្យសោះ»។
ការព្រមាននេះ បន្ទាប់ពីលោក ហ៊ុន សែន បានលុប ហ្វេសប៊ុករបស់លោក ដែលមានតាមដានជាង ១៤លាននាក់ កាលពីថ្ងៃទី២៩ មិថុនា ក្រោយក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ (Oversight Board) របស់ក្រុមហ៊ុនមេតា (Meta) សម្រេចព្យួរគណនីហ្វេសប៊ុក និងអ៊ិនស្តាក្រាម (Instagram) របស់លោក ហ៊ុន សែន រយៈពេល ៦ខែជាបន្ទាន់។
លោក ហ៊ុន សែន ធ្លាប់អួតអាងថា ជាអធិរាជហ្វេសប៊ុក បន្ទាប់ពីលោកប្រើប្រាស់លុយរាប់លានដុល្លារ ដើម្បីទិញចំនួនអ្នកចូលចិត្ត ឬ (Like) ពីក្រៅប្រទេស ដើម្បីឱ្យមានអ្នកតាមដានច្រើនជាងហ្វេសប៊ុក របស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី។ លោក ហ៊ុន សែន បាននិយាយកុហកថា មូលហេតុដែលលោកសម្រេចឈប់ប្រើប្រាស់ហ្វេសប៊ុកនៅពេលនេះ ដោយសារពិបាកការពារអ្នកដែលព្យាយាមហែកចូល (Hecker) ឬអ្នកលួចចូលទៅគ្រប់គ្រងហ្វេសប៊ុករបស់លោកជាបន្តបន្ទាប់។ លោក ហ៊ុន សែន ក៏បានចាត់ទុកការចាត់វិធានការរបស់ក្រុមហ៊ុនមេតា(Meta) ថា ធ្វើឡើងក្នុងចេតនានយោបាយ និងអាចជាការធ្វើបាបក្រុមហ៊ុននេះខ្លួនឯងទៅវិញ។
ទោះជាយ៉ាងណាក៏ដោយ ការចាត់វិធានការរបស់ហ្វេសប៊ុកនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការក្រុមអ្នកជំនាញច្បាប់អន្តរជាតិ ហៅកាត់ថា អាយ.ស៊ី.ជេ (ICJ) មានមូលដ្ឋាននៅឯទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) កាលពីខែមីនា បានដាក់បណ្ដឹងសាធារណៈមួយ ទៅក្រុមប្រឹក្សាភិបាលត្រួតពិនិត្យក្រុមហ៊ុនហ្វេសប៊ុក (Facebook) ឱ្យត្រួតពិនិត្យទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកបានប្រើប្រាស់ជាវេទិកាគំរាមកំហែងញុះញង់ ឱ្យប្រើអំពើហិង្សាលើក្រុមអ្នកនយោបាយប្រឆាំង។
លោក ហ៊ុន សែន ធ្លាប់ប្រៀបធៀបក្រុមមន្ត្រីគណបក្សប្រឆាំង ថាដូចទៅនឹងត្រីនៅក្នុងត្រក ដែលលោកចង់កាច់កស៊ីពេលណាក៏បាន និង ព្រមានប្រមូលកម្លាំងគាំទ្រគណបក្សប្រជាជនកម្ពុជា ធ្វើបាតុកម្មដោយយកដំបង ទៅវាយសំពងលើក្រុមមន្ត្រីគណបក្សប្រឆាំងដល់ផ្ទះ ប្រសិនបើពួកគេចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងដោយវៀតណាម ឬចោទថា គណបក្សប្រជាជនកម្ពុជា គាបសង្កត់លើគណបក្សប្រឆាំង ឬចោទថា គណបក្សប្រជាជនកម្ពុជា លួចសន្លឹកឆ្នោតជាដើម។
ពាក់ព័ន្ធនឹងរឿងនេះ អ្នកវិភាគនយោបាយ លោក គឹម សុខ យល់ឃើញថា លោក ហ៊ុន សែន កំពុងប្រឈមនឹងភាពអាម៉ាស់ខ្លាំងពេក ទើបលោកព្រមានបិទហ្វេសប៊ុក លែងឱ្យពលរដ្ឋប្រើប្រាស់។ លោកបន្តថា ប្រសិនបើលោក ហ៊ុន សែន បិទហ្វេសប៊ុកលែងឱ្យប្រើនៅស្រុកខ្មែរ នឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ មិនមែនសម្រាប់ពលរដ្ឋសាមញ្ញធម្មតាឡើយ ក្នុងនោះ មានទាំងមន្ត្រី និងថ្នាក់ដឹកនាំនៅក្នុងជួរ គណបក្សប្រជាជនកម្ពុជា និងក្រុមគ្រួសារលោក ហ៊ុន សែន ផ្ទាល់ ដែលសុទ្ធតែប្រើប្រាស់ហ្វេសប៊ុក សម្រាប់ទាញយកផលប្រយោជន៍ ទាំងនៅក្នុងមុខជំនួញ និងស្វែងរកការគាំទ្រសម្រាប់គណបក្ស។
លោក គឹម សុខ៖ «ប្រសិនបើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ងបិទមែន វាគ្រាន់តែជាការព្យាយាមដើម្បីលួងកំហឹងចិត្តរបស់គាត់ ដែលអាម៉ាស់។ អាម៉ាស់ចំពោះមុខប្រជាពលរដ្ឋខ្មែរ អាម៉ាស់នៅចំពោះមុខសហគមន៍អន្តរជាតិ ដែលគេមើលឃើញថា ហ្វេសប៊ុកផ្អាកដំណើរការគណនីផ្លូវការរបស់គាត់(ហ៊ុន សែន) ពីព្រោះតែគាត់ជាមេដឹកនាំ គំរាមធ្វើទុក្ខបុកម្នេញ និងគំរាមសម្លាប់ប្រជាពលរដ្ឋខ្លួនឯង»។
ស្រដៀងគ្នានេះ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន លើកឡើងថា លោក ហ៊ុន សែន កំពុងខឹងគោវាយរទេះ ដោយសារលោកខឹងក្រុមហ៊ុនហ្វេសប៊ុក ប៉ុន្តែបែរជាចង់ជះកំហឹងមកលើពលរដ្ឋខ្លួនឯង ដោយព្រមានបិទហ្វេសប៊ុក លែងឱ្យពលរដ្ឋនៅទូទាំងប្រទេសប្រើប្រាស់។
លោក អ៊ុំ សំអាន៖ «ប្រាកដជាមានការថ្កោលទោសពីប្រជាពលរដ្ឋនៅទូទាំងប្រទេស ពីអ្នកលក់អនឡាញអីហ្នឹង ហើយវាប៉ះពាល់ទៅដល់សេដ្ឋកិច្ចកម្ពុជាទៅទៀត។ ហើយមិនប៉ះពាល់តែគណបក្សប្រឆាំងទេ គឺប៉ះពាល់ទៅដល់ប្រជាពលរដ្ឋទូទៅ ទាំងគណបក្សប្រជាជនផងដែរ។ គេនឹងថ្កោលទោសលោក ហ៊ុន សែន ដូច្នេះ ខ្ញុំជឿថា លោក ហ៊ុន សែន មិនបិទហ្វេសប៊ុកនៅកម្ពុជាទេ ខ្ញុំជឿអ៊ីចឹង»។
ចំណែកអ្នកនាំពាក្យ សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា សង្កេតឃើញថា ពលរដ្ឋខ្លះ ប្រើប្រាស់ហ្វេសប៊ុក ដើម្បីធ្វើឱ្យមានប្រយោជន៍ ដូចជាការលក់ដូរទំនិញតាមអនឡាញ និងដើម្បីផ្សព្វផ្សាយពីការងារចូលរួមជួយសង្គម ប៉ុន្តែអ្នកខ្លះទៀត ប្រើប្រាស់ហ្វេសប៊ុក ដើម្បីបង្កបញ្ហាដល់សង្គម។ ទោះជាយ៉ាងណាក៏ដោយ លោកបន្តថា ហ្វេសប៊ុកផ្ដល់គុណសម្បត្តិច្រើនជាងគុណវិបត្តិ ហើយប្រសិនបើមានការបិទហ្វេសប៊ុកមែន នឹងធ្វើឱ្យប៉ះពាល់ដល់អ្នកនយោបាយ ក្នុងការឃោសនាទៅដល់អ្នកគាំទ្រ ឬធ្វើឱ្យសាបរលាបព័ត៌មានទាក់ទងនឹងសង្គម និងប្រទេសជាតិមួយ ដែលធ្លាប់ផ្សព្វផ្សាយលើហ្វេសប៊ុក។
លោក ស៊ឹង សែនករុណា៖ «ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្គមហ្នឹង គឺមានឱកាសក្នុងការចែករំលែក អំពីបញ្ហាសង្គម ពីបញ្ហារំលោភសិទ្ធិមនុស្ស រឿងអយុត្តិធម៌ផ្សេងៗ។ នៅពេលបិទអ៊ីចឹង ចង់មិនចង់ តិចឬច្រើន វាមានផលប៉ះពាល់ហើយ។ ប៉ុន្តែយ៉ាងណា វាអាចមានមធ្យោបាយផ្សេងៗទៀតដែរ ដែលអាចផ្សាយនូវអ្វីដែលជាបញ្ហាទាំងអស់ហ្នឹង»។
ទិន្នន័យពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញផ្សាយកាលពីខែសីហា ឆ្នាំ២០២២បង្ហាញថា កម្ពុជា មានអ្នកប្រើប្រាស់ហ្វេសប៊ុកជាង ១៣ (១៣.២) លាននាក់ និងអ្នកប្រើប្រាស់ អ៊ិនស្ត្រាហ្គ្រាមជាង២ (២.០៧)លាននាក់។ ហ្វេសប៊ុក ជាបណ្ដាញទំនាក់ទំនងសង្គម ដែលពលរដ្ឋនិយមប្រើប្រាស់ច្រើនបំផុតនៅកម្ពុជា បើប្រៀបធៀបទៅបណ្ដាញទំនាក់ទំនងសង្គមផ្សេងទៀត៕
No comments:
Post a Comment