The Cambodia Daily / អត្ថបទដោយ តាំង សារ៉ាដា
20-9-2023
ក្មួយប្រុសជាអ្នកលេង និងល្បីឈ្មោះជាមេខ្លោងជួញដូរគ្រឿងញៀន ដែលជាប់ទាក់ទិននឹងបណ្ដាញឧក្រិដ្ឋជនជនជាតិចិន រឿងបើកក្រុមហ៊ុនឆបោក និងជួញដូរមនុស្សរបស់មេដឹកនាំផ្ដាច់ការកម្ពុជា លោក ហ៊ុន សែន គឺអ្នកឧកញ៉ា ហ៊ុន តូ។
បុរសរូបនេះ ដំបូងឡើយឈរឈ្មោះវិនិយោគ ជាមួយតែអ្នកវិនិយោគទុនជនជាតិខ្មែរប៉ុណ្ណោះ ប៉ុន្តែចាប់ពីឆ្នាំ២០១៨ មក លោក ហ៊ុន តូ ត្រូវបានគេដឹងថា បានចាប់ផ្តើមដៃគូវិនិយោគជាមួយវិនិយោគទុនជនជាតិចិន ចងគ្នាជាបណ្ដាញពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ ដែលមានលក្ខណៈជាយុទ្ធសាស្ត្រពីងពាង ក្នុងបំណងលាងលុយកខ្វក់ខ្នាតធំ។
បុរសម្នាក់ដែលល្បីល្បាញខាងអាក្រក់ និងល្បីល្បាញខាងមានឈ្មោះជាមេខ្លោងជួញដូរគ្រឿងញៀន ដែលជាប់ទាក់ទិននឹងបណ្ដាញឧក្រិដ្ឋជនជនជាតិចិន រឿងបើកក្រុមហ៊ុនឆបោក និងជួញដូរមនុស្សរបស់មេដឹកនាំផ្ដាច់ការកម្ពុជាលោក ហ៊ុន សែន គឺអ្នកឧកញ៉ា ហ៊ុន តូ កំពុងប្រើជីវិតហ៊ឺហាជិះឡានទំនើបៗ រស់នៅក្នុងភូមិគ្រឹះដ៏ប្រណិតក្នុងទីក្រុងម៉ែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី។
តំណាងសហគមន៍ខ្មែរ ក្នុងប្រទេសអូស្ត្រាលី កន្លងមក ជំរុញឲ្យអាជ្ញាធរប្រទេសអូស្ត្រាលី បើកការស៊ើបអង្កេតលើប្រភពចំណូលរបស់ឧកញ៉ា ហ៊ុន តូ ដែលត្រូវបានគេរកឃើញថា បានបង្កើតក្រុមហ៊ុនថ្មីៗជាច្រើននៅកម្ពុជា ជាមួយជនជាតិចិន ដែលម្នាក់ៗមានតំណែងជានាយកក្រុមហ៊ុន ជិត ១០ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ កន្លងទៅ ស្របពេលដែលពលរដ្ឋខ្មែរ កំពុងប្រឈមនូវបញ្ហាសេដ្ឋកិច្ចទូទាំងប្រទេស ដោយសារតែវិបត្តិសកលជំងឺកូវីដ-១៩។
អ្នកឧកញ៉ា ហ៊ុន តូ ដំបូងឡើយត្រូវគេដឹងថា បានឈរឈ្មោះវិនិយោគជាមួយតែអ្នកវិនិយោគទុនជនជាតិខ្មែរប៉ុណ្ណោះ ប៉ុន្តែចាប់ពីឆ្នាំ២០១៨ មក អ្នកឧកញ៉ារូបនេះ បានចាប់ផ្តើមដៃគូវិនិយោគជាមួយដៃគូវិនិយោគទុនជនជាតិចិន។
យោងតាមឯកសារដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ អ្នកឧកញ៉ា ហ៊ុន តូ បានបង្កើតក្រុមហ៊ុនមួយឈ្មោះថា PANDA COMMERCIAL BANK PLC ស្ថិតនៅលេខ៣១ ផ្លូវលេខ២៤៥ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយអ្នកឧកញ៉ាបានឈរឈ្មោះជានាយកក្រុមហ៊ុន ជាមួយប្អូនស្រីរបស់ខ្លួនឈ្មោះ ហ៊ុន គីមឡេង និងជាមួយជនជាតិចិន ឈ្មោះ Li XIONG ជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយកក្រុមហ៊ុន។
អ្នកស្រី ហ៊ុន គីមឡេង ដែលជាប្អូនស្រីរបស់អ្នកឧកញ៉ា ហ៊ុន តូ និងជាភរិយារបស់លោក នេត សារឿន អតីតអគ្គស្នងការនគរបាលជាតិ ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២៣ ហើយបច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី ក្រោមការបញ្ជារបស់លោក ហ៊ុន ម៉ាណែត។
អ្នកស្រី ហ៊ុន គីមឡេង ជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយកក្រុមហ៊ុនជាច្រើន ដូចជា៖
- ក្រុមហ៊ុន HKLCH IMPORT EXPORT CO., LTD. ,
- ក្រុមហ៊ុន WORLDWIDE INVESTMENT INCORPORATION C0., LTD ,
- ក្រុមហ៊ុន WORLDWIDE INVESTMENT GROUP CO., LTD. ,
- និងក្រុមហ៊ុន HD ROCK CAFÉ & SHOP CO., LTD.។
កន្លងទៅ សារព័ត៌មាន Reuters បានរកឃើញអ្នកស្រី ហ៊ុន គីមឡេង បានទទួលសញ្ជាតិសាយប្រើស (Cyprus) ហើយស្វាមីរបស់អ្នកស្រី គឺលោកឧត្ដមសេនីយ៍ នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាអតីតអគ្គស្នងការនគរបាលជាតិ ព្រមទាំងកូនស្រីរបស់លោក ក៏កំពុងស្នើសុំសញ្ជាតិនេះដែរ។
អ្នកស្រី ហ៊ុន គីមឡេង ត្រូវគេដឹងថាបានទិញផ្ទះល្វែងមួយ នៅកណ្ដាលទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីឆ្នាំ២០១០ ក្នុងតម្លៃប្រហែល ២,៥លានដុល្លារអាមេរិក ដែលរហូតមកដល់ឥឡូវ អាចមានតម្លៃប្រហែល ៤,៥លានដុល្លារអាមេរិក។
អ្នកស្រីក៏មានផ្ទះល្វែងតម្លៃរាប់លានដុល្លារផ្សេងទៀត នៅប្រទេសសិង្ហបុរី ផងដែរ។ ជាងនេះទៀត កូនស្រីច្បងរបស់អ្នកស្រី ឈ្មោះ នេត ធីតាវិឈុណា ដែលមានអាយុ ៣០ឆ្នាំ ក៏មានផ្ទះល្វែងតម្លៃប្រហែល ៧លានដុល្លារនៅក្បែរផ្ទះម្តាយរបស់ខ្លួន ក្នុងទីក្រុងឡុងដ៍ ផងដែរ។
នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ អ្នកឧកញ៉ា ហ៊ុន តូ ត្រូវគេដឹងថា បានបង្កើតក្រុមហ៊ុនមួយឈ្មោះ XH BRIDGE INVESTMENT CO., LTD. (អិចអេច ប្រ៊ីដ អ៊ិនវេសម៉ិន ឯ.ក) មានទីតាំងស្ថិតនៅក្នុងផ្ទះលេខ៤៧ អគារពាណិជ្ជកម្មអ៊ែតវូត មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឈរឈ្មោះជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយកក្រុមហ៊ុនជាមួយជនជាតិចិន ឈ្មោះ Li XIONG និងជនជាតិខ្មែរឈ្មោះ យ៉ាន សត្យា (Yan SATHYA) ដែលឈ្មោះ យ៉ាន សត្យា ជានាយកគ្រប់គ្រងក្រុមហ៊ុនចំនួនពីរផ្សេងទៀត គឺក្រុមហ៊ុន (ហួយវ័ន) HUIONE PAY PLC. និងក្រុមហ៊ុន HUIONE INSURANCE PLC.។
នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ដដែល អ្នកឧកញ៉ា ហ៊ុន តូ ក៏បានបង្កើតក្រុមហ៊ុនមួយបន្ថែមទៀតឈ្មោះថា LIXIN DEVELOPMENT CO., LTD. (លីស៊ីន ឌីវេឡុបម៉ិន ឯ.ក) ដែលមានទីតាំងស្ថិតនៅក្នុងដីឡូត៍លេខ C3-3 ផ្លូវ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា ដែលអ្នកឧកញ៉ាឈរឈ្មោះជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយកក្រុមហ៊ុនជាមួយជនជាតិចិនឈ្មោះ Hsu MING-CHAO។
អ្នកវិនិយោគជនជាតិចិនឈ្មោះ Hsu MING-CHAO ជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយកក្រុមហ៊ុនជាច្រើន ដូចជា៖
- ក្រុមហ៊ុន T W YA DA TRADING CO. LTD.
- ក្រុមហ៊ុន LIXIN LAND CO. LTD.
- ក្រុមហ៊ុន HOLYTECH INVESTMENT MANAGEMENT CO. LTD.
- ក្រុមហ៊ុន HOLYTECH INVESTMENT MANAGEMENT CO. LTD.
- ក្រុមហ៊ុន LIXIN HOTEL LX MANAGEMENT CO., LTD.
- ក្រុមហ៊ុន YUNGXINHE TOURISM INVESTMENT DEVELOPMENT CO., LTD. ,
- និងក្រុមហ៊ុន LIXIN CONSTRUCTION CO.,LTD.។
បន្ទាប់មកទៀត នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ដដែល អ្នកឧកញ៉ា ហ៊ុន តូ បានបង្កើតក្រុមហ៊ុនបន្ថែមទៀតឈ្មោះថា HENG HE CAMBODIA COMMERCIAL BANK PLC ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៦៤ មហាវិថីព្រះនរោត្តម កែងផ្លូវ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដែលក្រុមហ៊ុននេះជាប់សង្ស័យថាជាបណ្ដាញឧក្រិដ្ឋកម្មឆបោក និងជួញដូរមនុស្សនៅកម្ពុជា ដែលសហការជាមួយឧក្រិដ្ឋជនជនជាតិចិន។ នៅក្នុងក្រុមហ៊ុននេះ អ្នកឧកញ៉ា ហ៊ុន តូ ត្រូវគេដឹងថាបានឈរឈ្មោះជាប្រធានក្រុមប្រឹក្សាភិបាល និងនាយកក្រុមហ៊ុនជាមួយជនជាតិចិនឈ្មោះ Su LIANG-SHENG។
វិនិយោគិនជនជាតិចិន ឈ្មោះ Su LIANG-SHENG គ្រប់គ្រងក្រុមហ៊ុនចំនួន ៨ ផ្សេងទៀត ដូចជា៖
- ក្រុមហ៊ុន DA JIN ZHAI (CAMBODIA) INVESTMENT CO., LTD.,
- ក្រុមហ៊ុន HENG HE INVESTMENT & DEVELOPMENT GROUP (CAMBODIA) CO., LTD.,
- ក្រុមហ៊ុន HENG HE BAVET PROPERTY CO., LTD. ,
- ក្រុមហ៊ុន HENG HE REAL ESTATE CO., LTD. ,
- ក្រុមហ៊ុន HENG HE JULONG TOWN REAL ESTATE CO., LTD.,
- ក្រុមហ៊ុន HENG LONG XIANG INVESTMENT & DEVELOPMENT CO., LTD.
- ក្រុមហ៊ុន HENG HE INVESTMENT & DEVELOPMENT GROUP (CAMBODIA) CO., LTD.,
- ក្រុមហ៊ុន HENG ZUAN YULE INVESTMENT CO., LTD.,។
ចំណែកឯជនជាតិខ្មែរឈ្មោះ សេង សោភ័ណ្ឌ (Seng SORPHORN) ជានាយកគ្រប់គ្រងក្រុមហ៊ុនពីរ គឺក្រុមហ៊ុន PROSUR INSURANCE PLC. ដែលពីមុនឈ្មោះថា ប្រូសួរ ម៉ាកក្រូ អ៊ិនសួរេន ម.ក, ហ្វូណន ម៉ាកក្រូ អ៊ិនសួរេន ភីអិលស៊ី និងក្រុមហ៊ុន Thai JJJ LLC។
អ្នកឧកញ៉ា ហ៊ុន តូ ក៏បានបង្កើតក្រុមហ៊ុនថ្មីបន្ថែមទៀតនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយសហការជាមួយជនជាតិចិន និងអ្នកវិនិយោគកម្ពុជា ដែលមានឈ្មោះថា ក្រុមហ៊ុន ហួយវ័ន ឡាយហ្វ៍ អ៊ិនសួរេន ម.ក (HUIONE LIFE INSURANCE PLC) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២៣ ជាន់ទី៣ ផ្លូវលេខ២០០៧ ភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អ្នកឧកញ៉ា ហ៊ុន តូ ជាប្រធានក្រុមប្រឹក្សាភិបាល និងនាយកក្រុមហ៊ុនជាមួយជនជាតិចិនឈ្មោះ Lan JIANPING, Li XIONG, Tia THOMAS, និងឈ្មោះ យ៉ាន ណារ៉ុង។
នៅថ្ងៃខែនិងឆ្នាំដដែល អ្នកឧកញ៉ារូបនេះ ក៏បានបង្កើតក្រុមហ៊ុនធានារ៉ាប់រងមួយទៀត ដែលមានឈ្មោះថា ហួយវ័ន អ៊ិនសួរេន ម.ក (HUIONE INSURANCE PLC.) ដែលមានទីតាំងនៅផ្ទះលេខ២៣ ជាន់ទី២ ផ្លូវ២០០៧ ភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អ្នកឧកញ៉ា ហ៊ុន តូ ជានាយកក្រុមហ៊ុនជាមួយនឹងអ្នកជំនួញជនជាតិខ្មែរ និងមួយចំនួនទៀត ដូចជា Li XIONG ប្រធានក្រុមប្រឹក្សាភិបាល និងនាយកក្រុមហ៊ុន លោក Liu ZHIHAO ប្រធានក្រុមហ៊ុន លោក Tao XIN និងអ្នកជំនួញជនជាតិខ្មែរ លោក យ៉ាន បូរិទ្ធ។
អ្នកជំនួញជនជាតិខ្មែរលោក យ៉ាន បូរិទ្ធ ជានាយកក្រុមហ៊ុន GCCT CO., LTD និងលោក យ៉ាន សត្យា ជានាយកក្រុមហ៊ុន XH BRIDGE INVESTMENT CO., LTD., និងក្រុមហ៊ុន HUIONE PAY PLC.។
នៅខែមេសា ឆ្នាំ២០១៨ អ្នកឧកញ៉ា ហ៊ុន តូ ក៏បានឈរឈ្មោះបង្កើតក្រុមហ៊ុនឈ្មោះ HUIONE PAY PLC ដែលមានទីតាំងស្ថិតនៅអគារលេខ៦២ មហាវិថីព្រះនរោត្តម សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាមួយអ្នកជំនួញជនជាតិខ្មែរ និងជនជាតិចិន ដូចជាលោក យ៉ាន សត្យា ជានាយកក្រុមហ៊ុន XH BRIDGE INVESTMENT CO., LTD។ លោក Li XIONG និងលោក Shen WUDA ជាប្រធានក្រុមប្រឹក្សាភិបាលផង និងជានាយកក្រុមហ៊ុនផង។
លោក Shen WUDA ក៏ជានាយកក្រុមហ៊ុនបីផ្សេងទៀត ដូចជា៖
- ក្រុមហ៊ុន CAMBO TECHNOLOGY (I.S.P) COMPANY LIMITED
- និងក្រុមហ៊ុន EXCELLENCE MAPPING CO., LTD ដែលសហការជាមួយលោក Shen Heath Jason។
រីឯលោក Shen HEATH JASON ជានាយកក្រុមហ៊ុនជាច្រើន ដូចជា៖
- ក្រុមហ៊ុន PVN INTERNATIONAL LLC (នៅ California សហរដ្ឋអាមេរិក)
- ក្រុមហ៊ុន HIGHSEAS COMMUNICATIONS GROUP (CAMBODIA) CO., LTD
- ក្រុមហ៊ុន ROYALCOMPRADORE TECHNOLOGIES CO., LTD
- ក្រុមហ៊ុន NEOCOM ISP LIMITED (Cambodia)
- ក្រុមហ៊ុន ROYAL COMPRADORE TECHNOLOGIES CO., LTD
- ក្រុមហ៊ុន IMPRINT (CAMBODIA) CO., LTD
- ក្រុមហ៊ុន SUMMER GOLD INVESTMENT PRIVATE LIMITED
- ក្រុមហ៊ុន NEOGEN (CAMBODIA) CO., LTD
- ក្រុមហ៊ុន YOSEMITE INVESTMENT (CAMBODIA) CO.,LTD ដែលសហការជាមួយលោក អ៊ុន សាវុន (Un SAVORN)។
លោក អ៊ុន សាវុន (Un SAVORN) ជាប្រធានក្រុមប្រឹក្សាភិបាល និងនាយកក្រុមហ៊ុនជាច្រើន ដូចជា៖
- ក្រុមហ៊ុន WANBAO GARMENT (CAMBODIA) CO., LTD
- ក្រុមហ៊ុន DOMREY ANGKOR LOGISTIC CO., LTD
- ក្រុមហ៊ុន WAN BAO YUAN INVESTMENT CO., LTD
- ក្រុមហ៊ុន KOH PUOS (CAMBODIA) INVESTMENT GROUP LTD
- ក្រុមហ៊ុន KOH PUOS PROPERTY INVESTMENT CO., LTD
- និងក្រុមហ៊ុន DOMREY ANGKOR AIRLINE CO., LTD។
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ អ្នកឧកញ៉ា ហ៊ុន តូ ក៏បានឈរឈ្មោះបង្កើតក្រុមហ៊ុនមួយទៀត ដែលមានឈ្មោះថា អិលអិលអេចអេច អ៊ិនវេសម៉ិន ឯ.ក (LLHH INVESTMENT CO., LTD) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៤៩ AE0 ផ្លូវលេខ១៣៤ ក្រុមទី២០ ភូមិ៥ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាមួយអ្នកវិនិយោគទុនជនជាតិខ្មែរ និងជនជាតិចិន ដូចជា៖
- Guan YANG,
- Vincent (VINCENT),
- Liu GUODONG
- និងលោកឧកញ៉ា ឡេង ហួរ (LENG HOUR)។
លោកឧកញ៉ា ឡេង ហួរ (LENG HOUR) ជានាយកក្រុមហ៊ុន អេចធីធីអេច អាយលែន អ៊ិនវេសម៉ិន ឯ.ក (HTTH ISLAND INVESTMENT CO., LTD) ដែលវិនិយោគជាមួយអ្នកឧកញ៉ា ហ៊ុន តូ និងក្រុមហ៊ុនប្រេង LHR ដែលវិនិយោគជាមួយអ្នកឧកញ៉ា ហ៊ុន តូ។
លោកឧកញ៉ា ហ៊ុន តូ ក៏បានឈរឈ្មោះបង្កើតក្រុមហ៊ុនមួយទៀតឈ្មោះ អូលែរ អ៊ីមផត អិចផត ឯ.ក (OLAIR IMPORT EXPORT CO., LTD) មានទីតាំងនៅភូមិវាល ឃុំបូសមន ស្រុករំដួល ខេត្តស្វាយរៀង ជាមួយអ្នកវិនិយោគជនជាតិខ្មែរ ដូចជា អ៊ាង ចន្ថា (Eang CHANTHA)។
អ៊ាង ចន្ថា (Eang CHANTHA) គ្រប់គ្រងក្រុមហ៊ុនជាច្រើន ដូចជា៖
- ក្រុមហ៊ុន SEA FREIGHT LOGISTICS (CAMBODIA) CO.,LTD
- ក្រុមហ៊ុន CAM FAIR LOGISTICS CO., LTD
- ក្រុមហ៊ុន OLAIR WORLDWIDE LOGISITICS CO., LTD។
ចំណែកឈ្មោះ ហ៊ុយ វួចលាង (Huy VOUCHLEANG) ដែលគ្រប់គ្រងក្រុមហ៊ុនជាច្រើន ដូចជា៖
- ក្រុមហ៊ុន HENG ZUAN YULE (JU LONG TOWN) CO., LTD
- ក្រុមហ៊ុន HENG HE JULONG TOWN REAL ESTATE CO., LTD
- និងក្រុមហ៊ុន O.L.Y.M DIAMOND CO., LTD។
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ ដែលពុំទាន់មានអ្នកវិនិយោគចិនចូលមកច្រើននៅក្នុងប្រទេសកម្ពុជា លោកឧកញ៉ា ហ៊ុន តូ បានបង្កើតក្រុមហ៊ុនមួយឈ្មោះ អេច.ធី.ធី.ខេ (H.T.T.K. CO., LTD) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៦៩ E0, ១០០ ភូមិ៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ភ្នំពេញ ជាមួយលោក តាន់ ឃុន។
នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០៦ អ្នកឧកញ៉ា ហ៊ុន តូ បានឈរឈ្មោះបង្កើតក្រុមហ៊ុនឈ្មោះ អិល.អេច.អ អាស៊ាន អ៊ិនវេសមេន (L.H.R ASEAN INVESTMENT CO., LTD) ជាមួយអ្នកវិនិយោគជនជាតិខ្មែរ ដែលអ្នកឧកញ៉ាធ្វើជាប្រធានក្រុមប្រឹក្សាភិបាល ហើយឧកញ៉ា ឡេង ហួរ (LENG HOUR) ជានាយកក្រុមហ៊ុន ដែលមានទីតាំងស្ថិតនៅផ្ទះ៤៩CE0 ផ្លូវ១៣៤ ផ្សារដេប៉ូ២ សង្កាត់ទួលគោក ភ្នំពេញ។
ក្រៅតែអំពីគ្រប់គ្រងជំនួញធំៗជាច្រើន នៅក្នុងប្រទេសកម្ពុជា ក្មួយប្រុសរបស់លោក ហ៊ុន សែន ចាប់ផ្តើមល្បីឈ្មោះរឿងអាស្រូវទុច្ចរិតជាថ្មី នៅក្នុងប្រទេសអូស្ត្រាលី តាមរយៈការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ ដែលបានធ្វើការលាតត្រដាងថា អ្នកឧកញ៉ា ហ៊ុន តូ ជាប់ពាក់ព័ន្ធនឹងបណ្ដាញប្រព្រឹត្តបទឧក្រិដ្ឋជាច្រើន និងការលាងលុយកខ្វក់រវាងកម្ពុជា និងអូស្ត្រាលី។
សារព័ត៌មាន ឌឹ អូស្ត្រាលាន (The Australian) បានចេញផ្សាយអត្ថបទជាបន្តបន្ទាប់កន្លងមក ពាក់ព័ន្ធនឹងសែស្រឡាយកូនចៅអ្នកធំខ្មែរ និងគណបក្សប្រជាជនកម្ពុជា បានលាងលុយកខ្វក់ និងពង្រីកឥទ្ធិពលនយោបាយនៅលើទឹកដីអូស្ត្រាលី។
កាសែត ឌឹ អូស្ត្រាលាន បានផ្សាយអត្ថបទមួយដោយដាក់ចំណងជើងធំៗថា «ក្មួយប្រុសមេដឹកនាំផ្ដាច់ការកម្ពុជាលោក ហ៊ុន សែន គឺលោក ហ៊ុន តូ ជាប់សង្ស័យជាថ្មី ជាមួយបណ្ដាញឧក្រិដ្ឋកម្មឆបោក និងជួញដូរមនុស្សទ្រង់ទ្រាយធំនៅកម្ពុជា ដែលសហការជាមួយឧក្រិដ្ឋជនជនជាតិចិន»។
ចំណែកទូរទស្សន៍ អាល់ចាហ្សីរ៉ា (Al Jazeera) បានផ្សាយកន្លងមកដោយរកឃើញថា លោក ហ៊ុន តូ គឺជានាយកក្រុមហ៊ុនជាច្រើននៅកម្ពុជា ដែលជាប់ទាក់ទិននឹងការជួញដូរមនុស្ស មកពីប្រទេសនានា ក្នុងតំបន់អាស៊ី ដោយបង្ខិតបង្ខំ ការឃុំឃាំង និងការធ្វើទារុណកម្មវាយដំ និងប្រើដំបងឆក់ ដើម្បីធ្វើការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមានគោលដៅជុំវិញពិភពលោក។
ក្រុមហ៊ុនទាំងនោះ រួមមាន៖
- ធនាគារពាណិជ្ជកម្ម ហេង ហ៊ី (HENG HE (Cambodia) Commercial Bank PLC)
- ក្រុមហ៊ុន ហេង ហ៊ី ជីឡុង ថោន រៀលអ៊ីស្ទេត (HENG HE Julong real estate)
- និងក្រុមហ៊ុន ហេង ជ័ន អ៊ីឡឹ (ជី ឡុង ថោន) (HENG ZUAN Yule (JU Long Town)) ដែលមានឧក្រិដ្ឋជនជនជាតិចិនម្នាក់ទៀតជាអ្នកគ្រប់គ្រង។
ប៉ុន្តែលោក ហ៊ុន តូ បានឆ្លើយតបជាមួយទូរទស្សន៍ អាល់ចាហ្សីរ៉ា (Al Jezera) ថា លោកមិនបានដឹងអំពីប្រតិបត្តិការឧក្រិដ្ឋកម្មបច្ចេកវិទ្យានោះទេ។
ចំណែកឯកាសែត ឌឹ អូស្ត្រាលាន បានសរសេរផងដែរថា អាជ្ញាធរអូស្ត្រាលី មានកង្វល់ចំពោះបណ្ដាញឧក្រិដ្ឋកម្មដ៏មានឥទ្ធិពលរបស់ចិន អាចប្រច្រៀតចូលប្រទេសអូស្ត្រាលីបានតាមរយៈក្រុមអ្នកមានកម្ពុជាដែលមានទំនាក់ទំនងស៊ីជម្រៅ ជាមួយរបបលោក ហ៊ុន សែន ដែលពុករលួយដុះស្នឹម។
កាសែត ឌឹ អូស្ត្រាលាន (The Australian) ក៏បានបង្ហាញរូបថតលោក ហ៊ុន តូ ធ្វើខួបកំណើតជុំគ្រួសារ និងរថយន្តទំនើប ម៉ាក់ក្លារ៉េន ភីវ័ន (Mclaren P1) តម្លៃ ១លាន ៥សែនដុល្លារ (១ ៥០០ ០០០ដុល្លារ) នៅកម្ពុជា និងរថយន្តសេរីទំនើប ឡាំប៉ូហ្គីនី (Lamborghini) តម្លៃ ៤សែន ៥ម៉ឺនដុល្លារ (៤៥០ ០០០ដុល្លារ) នៅអូស្ត្រាលី។
បន្ទាប់ពីកាសែតល្បីៗនៅក្នុងប្រទេសអូស្ត្រាលី បានចេញផ្សាយថា អ្នកឧកញ៉ា ហ៊ុន តូ ជាប់ទាក់ទិននឹងបណ្ដាញឧក្រិដ្ឋជនជនជាតិចិន រឿងបើកក្រុមហ៊ុនឆបោក និងជួញដូរមនុស្សលំដាប់ពិភពលោកចេញពីទឹកដីកម្ពុជា តំណាងសហគមន៍ខ្មែរកន្លងមក ធ្លាប់បានជំរុញឲ្យអាជ្ញាធរប្រទេសអូស្ត្រាលី ស៊ើបអង្កេតលើប្រភពលុយរបស់ឧកញ៉ា ហ៊ុន តូ ដែលពួកគាត់សង្ស័យថា អាចជាប់ពាក់ព័ន្ធនឹងលុយខ្មៅកខ្វក់ ហើយលាក់ទុកនៅប្រទេសអូស្ត្រាលី។
កន្លងមក សារព័ត៌មាន The Australian បានសរសេរថា លោក ហ៊ុន តូ ក្មួយប្រុសរបស់មេដឹកនាំផ្ដាច់ការកម្ពុជា លោក ហ៊ុន សែន នៅទីក្រុងមែលប៊ន គឺជានាយកក្រុមហ៊ុនមួយដែលត្រូវសង្ស័យថាមានទំនាក់ទំនងនឹងប្រតិបត្តិការជួញដូរមនុស្សដ៏ធំនៅកម្ពុជា ដែលគ្រប់គ្រងដោយក្រុមឧក្រិដ្ឋជនលាងលុយ ជាជនជាតិចិន។
សារព័ត៌មានដដែលបានសរសេរថា អាជ្ញាធរអូស្ត្រាលី បានបង្ហាញពីបណ្ដាញឧក្រិដ្ឋកម្មដ៏មានឥទ្ធិពលរបស់ប្រទេសចិន កំពុងទទួលបានភាពងាយស្រួលក្នុងការចូលប្រទេសអូស្ត្រាលី តាមរយៈអ្នកមានខ្មែរ ដែលមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងរបបលោក ហ៊ុន សែន ដែលពុករលួយ។
ប្រភពដដែលបានឲ្យដឹងថា អ្នកកាសែតស៊ើបអង្កេតរបស់អូស្ត្រាលីដ៏ល្បីឈ្មោះ គឺអ្នកស្រី Mary Ann Jolley បានបង្ហាញប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតដ៏ធំរបស់ចិន នៅក្នុងប្រទេសកម្ពុជា ដោយមានការសង្ស័យថា មានទំនាក់ទំនងទៅប្រទេសអូស្ត្រាលី។ អ្នកស្រីបានរកឃើញថា បុគ្គលដែលត្រូវបានគេជួញដូរនោះ មានចំនួនរាប់ពាន់នាក់ ត្រូវបានបង្ខំឱ្យបោកប្រាស់ទៅតាមគោលដៅនានា ជុំវិញពិភពលោក តាមប្រព័ន្ធអ៊ីនធឺណិត។
ទោះជាយ៉ាងណា ឧកញ៉ា ហ៊ុន តូ ធ្លាប់បានថ្លែងទៅកាន់អ្នកស្រី Mary Ann Jolley ដោយបាននិយាយថា លោកមិនបានដឹងអំពីប្រតិបត្តិការឧក្រិដ្ឋកម្មបច្ចេកវិទ្យានោះទេ។ លោកក៏មិនបានឆ្លើយតបនឹងសំណើរបស់កាសែត The Australian សម្រាប់ការធ្វើអត្ថាធិប្បាយនោះដែរ។
អគ្គនាយកក្រុមហ៊ុន L.H.R ASEAN Investment CO. LTD កាលពីឆ្នាំ២០១២ ត្រូវបានកាសែត The Sydney Morning Herald និងកាសែត The Age បានចុះផ្សាយដោយដកស្រង់ការស៊ើបអង្កេត ពីគណៈកម្មការឧក្រិដ្ឋកម្មអូស្ត្រាលី ថា អាជ្ញាធរអូស្ត្រាលី បានតាមដានការផ្ទេរលុយដោយសង្ស័យថា ជាលុយបានពីការរត់ពន្ធគ្រឿងញៀន ចេញពីបនល្បែងកាស៊ីណូ Crown នៅទីក្រុងម៉ែលប៊ន ដែលគេសង្ស័យថា ស្ថិតក្រោមការត្រួតពិនិត្យរបស់លោក ហ៊ុន តូ។
ប្រតិបត្តិការតាមដានសំដៅលើលោក ហ៊ុន តូ រកឃើញការដឹកគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ចូលប្រទេសអូស្ត្រាលី ដោយបង្កប់ក្នុងឈើដែលបានអាររួច។ គ្រឿងញៀនដឹកចូលអូស្ត្រាលី មានទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ ការតាមដានរបស់អាជ្ញាធរអូស្ត្រាលី ធ្វើឡើងបន្ទាប់ពីតុលាការអូស្ត្រាលីចាប់ និងផ្ដន្ទាទោសជនជាតិខ្មែរមួយរូបឈ្មោះ ថៃ ផែនី កាលឆ្នាំ២០០៥ ដែលជាមនុស្សរបស់លោក ហ៊ុន តូ។ លោក ថៃ ផែនី គឺជាបងប្អូនជីដូនមួយរបស់ភរិយាលោក ហ៊ុន តូ គឺលោកស្រី Jackie Thai។
សារព័ត៌មានដដែល បានរាយការណ៍នៅក្នុងអត្ថបទរបស់ខ្លួន ដែលមានខ្លឹមសារថា អាជ្ញាធរអូស្ត្រាលីមានគម្រោងចាប់ខ្លួនឧកញ៉ា ហ៊ុន តូ ក៏ប៉ុន្តែត្រូវបានអាក់ខានទៅវិញ ដោយសារតែស្ថានទូតអូស្ត្រាលីប្រចាំទីក្រុងភ្នំពេញ មិនបានផ្តល់ទិដ្ឋាការដល់លោក ហ៊ុន តូ ដោយខ្លាចប៉ះពាល់ទំនាក់ទំនងការទូត រវាងកម្ពុជា និងអូស្ត្រាលី។
សារព័ត៌មានក្នុងស្រុករបស់អូស្ត្រាលីខ្លះ បានរកឃើញថា លោកស្រី Jackie Thai ដែលជាភរិយាលោក ហ៊ុន តូ កំពុងកាន់កាប់ភូមិគ្រឹះជាច្រើនកន្លែង នៅជុំវិញក្រុងមែលប៊ន ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ នៅក្នុងឆ្នាំ២០១៦ លោកស្រីបានទម្លាក់លុយជិត ១លានដុល្លារអូស្ត្រាលី ឬស្មើនឹងជាង ៨សែនដុល្លារអាមេរិក ដើម្បីទិញដីឡូត៍ពីរកន្លែងជាប់គ្នា ហើយបានសាងសង់ភូមិគ្រឹះដ៏ធំស្កឹមស្កៃនៅទីនោះ។
លោកស្រី Jackie Thai បានបង្កើតមុខជំនួញនៅអូស្ត្រាលី ជាលើកដំបូងមួយរបស់លោកស្រី កាលពីឆ្នាំ២០១៥ ហើយបានបង្កើតមុខជំនួញចំនួនពីរបន្ថែមទៀត រួមគ្នាជាមួយប្តី ក្នុងឆ្នាំ២០២០ ដោយបានដាក់ឈ្មោះអាជីវកម្មមួយនោះថា J & H Capital Investment Pty Ltd។
អ្នកសង្កេតការណ៍ខ្លះអះអាងថា ឧកញ៉ា ហ៊ុន តូ គឺជាថៅកែធំក្នុងលំដាប់ដែលគ្មានច្បាប់ណា និងស្ថាប័នណានៅកម្ពុជានៅពីលើគាត់ ឬអាចចាត់វិធានការផ្លូវច្បាប់លើគាត់បាននោះឡើយ ទោះបីគាត់ធ្វើជំនួញអ្វី តូចឬធំប៉ុនណាក៏ដោយ។
លោក គឹម សុខ ដែលជាអ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋនិយាយថា កុំថាឡើយលោក ហ៊ុន តូ សូម្បីតែក្រុមមនុស្សដែលស្ថិតក្នុងបណ្ដាញរបស់លោក ហ៊ុន តូ ទោះជាជនជាតិខ្មែរ ជនជាតិចិន វៀតណាម ឬជនបរទេសណាក៏ដោយ ក៏ពុំមានសមត្ថកិច្ចកម្ពុជារូបណា ហ៊ានប៉ះពាល់ដែរ។
អ្នកឃ្លាំមើលរូបនេះ និយាយថា លោក ហ៊ុន តូ និងលោក ហ៊ុន សែន មានឥទ្ធិពលដូចជាអាទិទេព ដែលអាចចាត់ចែងទ្រព្យរបស់ប្រទេសកម្ពុជា តាមទំនើងចិត្តរបស់ពួកគាត់។
ប្រភពដដែល បន្តទៀតថា បើនិយាយដោយសាមញ្ញ លោក ហ៊ុន តូ ជាអាទិទេពជំនួញ ដែលរកស៊ីមិនបាច់មានដើមទុន និងមិនចេះខាត ទោះសេដ្ឋកិច្ចពិភពលោកជួបវិបត្តិ ហើយសេដ្ឋកិច្ចកម្ពុជាក្រឡាប់ចាក់បែបណាក៏ដោយ។ គាត់មានភាពល្បីល្បាញណាស់ ក្នុងការច្បាមយកធនធានធម្មជាតិរបស់ប្រទេស និងជំនួញលាងលុយកខ្វក់។
រហូតមកទល់ពេលនេះ ពុំមានទិន្នន័យអំពីទឹកលុយជាផ្លូវការរបស់លោក ហ៊ុន តូ នោះទេ ប៉ុន្តែលោក គឹម សុខ អះអាងថា លោក ហ៊ុន តូ អាចជាអ្នកមានលុយច្រើនជាងគេលំដាប់លេខ១ នៅកម្ពុជា ប៉ុន្តែបើគាត់នៅចំណាត់ថ្នាក់លេខ២ នោះអ្នកលេខ១ ពុំមានអ្នកណាក្រៅពីលោក ហ៊ុន សែន ឬកូនស្រីរបស់លោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ម៉ាណា នោះទេ។
លោក គឹម សុខ បន្តថា អ្នកឧកញ៉ា ហ៊ុន តូ ជាលោកម្ចាស់ថៅកែជំនួញផង និងជាថៅកែរដ្ឋាភិបាលផង។ មានន័យថា លុយរបស់គាត់ធ្វើមានធ្វើបានសម្រាប់គ្រួសាររបស់គាត់មួយចំណែក និងមួយចំណែកទៀត ជួយចិញ្ចឹមរដ្ឋាភិបាលគ្រួសារ ហ៊ុន គឺជួយទប់ក្រែងដួលឆាប់។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៃអង្គការសហប្រជាជាតិ កាលពីដើមខែកញ្ញា បានចេញផ្សាយរបាយការណ៍ ស្ដីពីសិទ្ធិមនុស្សមួយដោយរកឃើញថា យ៉ាងហោចណាស់មានមនុស្ស ១សែននាក់ ត្រូវបានបង្ខំឱ្យធ្វើប្រតិបត្តិការឆបោក តាមប្រព័ន្ធអនឡាញនៅកម្ពុជា។
របាយការណ៍ដដែល បង្ហាញពីការព្រួយបារម្ភជាខ្លាំងថា រដ្ឋាភិបាលកម្ពុជា អាចនឹងខកខានមិនបានចាត់វិធានការ ដើម្បីទប់ស្កាត់ការជួញដូរមនុស្សបានឡើយ ហើយថារដ្ឋាភិបាល មិនបានឆ្លើយតបគ្រប់គ្រាន់ទៅនឹងកាតព្វកិច្ចរបស់ខ្លួន ក្នុងការអនុវត្តបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ដែលកម្ពុជាបានផ្តល់សច្ចាប័ននោះទេ។
របាយការណ៍របស់ អ.ស.ប កត់ត្រាប្រវត្តិដើមទងនៃប្រតិបត្តិការឆបោកតាមអនឡាញ នៅក្នុងតំបន់ ដែលកើតឡើងទន្ទឹមគ្នានឹងប្រជាប្រិយភាពកើនឡើង នៃល្បែងស៊ីសងតាមអនឡាញ និងកាស៊ីណូនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ របាយការណ៍ដដែលលើកឡើងថា ចំនួនកាស៊ីណូនៅកម្ពុជាកើនឡើងស្ទើរតែ ៣ដង គឺកើនពី ៥៧កន្លែងនៅឆ្នាំ២០១៤ ដល់ ១៥០កន្លែងនៅក្នុងឆ្នាំ២០១៩។ កន្លែងជាច្រើននៅក្នុងតំបន់ ដែលមនុស្សត្រូវបានគេបង្ខំឱ្យធ្លាក់ទៅក្នុងសកម្មភាពឧក្រិដ្ឋកម្មអនឡាញ គឺជាកន្លែងដែលមានអភិបាលកិច្ច និងនីតិរដ្ឋទន់ខ្សោយ។
ប្រភពដដែលអះអាងថា វិបត្តិជំងឺឆ្លងរាលដាល បាននាំឱ្យឧក្រិដ្ឋជនផ្ដោតគោលដៅ ទៅលើពលករចំណាកស្រុកដែលគ្មានការងារធ្វើ និងធ្វើដំណើរទៅណាមិនរួច ដើម្បីឱ្យធ្វើការនៅក្នុងអគារប្រតិបត្តិការឆបោក។
គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ យ៉ាងហោចណាស់មានមជ្ឈមណ្ឌលប្រតិបត្តិការឆបោកតាមអនឡាញត្រូវបានគេរាយការណ៍ថាកើនឡើងនៅ៖
- រាជធានីភ្នំពេញ
- ខេត្តកណ្ដាល
- ពោធិ៍សាត់
- កោះកុង
- ព្រះសីហនុ
- ឧត្ដរមានជ័យ
- ស្វាយរៀង ក្នុងនោះរាប់ទាំងក្រុងបាវិត
- និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតារាសាគរ (SEZ) និង Henge Thmorda SEZ ផងដែរ។
ការរកឃើញរបស់ភ្នាក់ងារនៃ អង្គការសហប្រជាជាតិ ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសអាមេរិក កាលពីខែកក្កដា ឆ្នាំ២០២២ បានបញ្ចេញរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្ដីពីការជួញដូរមនុស្ស ដោយក្នុងនោះ អាមេរិក បានទម្លាក់កម្ពុជា វៀតណាម តំបន់ម៉ាកាវ និងប្រទេសផ្សេងទៀត ពីបញ្ជីស្ថិតក្រោមការឃ្លាំមើលនៅកម្រិត២ (Tier 2 Watch List) ទៅកម្រិតបីដែលជាកម្រិតដ៏អាក្រក់មួយ និងអាចរងទណ្ឌកម្ម។ ការទម្លាក់កម្ពុជាមកកម្រិត៣ នេះ ធ្វើឡើងក្រោមហេតុផលថា កម្ពុជាមានកិច្ចខិតខំតិចតួច និងមិនបានគោរពតាមស្តង់ដារ នៃការលុបបំបាត់ការជួញដូរមនុស្ស។
បើតាមរបាយការណ៍ក្រសួងការបរទេសអាមេរិក បញ្ជាក់ថា ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់ទី៣ ដែលអាចធ្វើឱ្យមានការរឹតត្បិតលើជំនួយបរទេស បើទោះបីជានេះមិនមែនជាការចាំបាច់ និងជាការសម្រេចចិត្តផ្នែកនយោបាយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកក៏ដោយ៕
រូបថតលោក នេត សាវឿន និងភរិយា, លោក ហ៊ុន តូ និងលោក ហ៊ុន ជា។
No comments:
Post a Comment