បញ្ចូលអត្ថបទ CWCI Cambodia
13-12-2023
ឆ្លើយតបទៅកាន់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត អំពីការលើកឡើង«ដំណើរការបោះបង្គោលព្រំដែនគោក រវាងកម្ពុជា-វៀតណាម»
ដោយបានឃើញការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត អំពីដំណើរការបង្គោលព្រំដែនគោក នៅក្នុងសន្និសីទកាសែត ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ចប់ទស្សនកិច្ច ២ថ្ងៃនៅវៀតណាម។ ការលើកឡើងនូវរឿង «ដំណើរការបោះបង្គោលព្រំដែនគោក រវាងកម្ពុជាវៀតណាម» ដែលនៅសេសសល់ ១៦% ទៀតនោះ គឺថា រដ្ឋាភិបាលកម្ពុជា ប្រើប្រាស់សន្ធិសញ្ញាបំពេញបន្ថែម {ឆ្នាំ២០០៥ និងឆ្នាំ២០១៩} និងផែនទីអមមួយចំនួន សុទ្ធតែអនុលោមតាមការចង់បានរបស់ភាគីវៀតណាម ប៉ុណ្ណោះ។
យើងខ្ញុំមិនដែលយល់ស្របការបោះបង្គោលព្រំដែន ជាមួយវៀតណាម តាមរបៀបហ្នឹងទេ តាំងពីដំបូង ពីព្រោះ៖
១. ផ្ទុយពីខ្លឹមសាររដ្ឋធម្មនុញ្ញ មាត្រា២ និងមាត្រា៥៥ ហើយក៏ផ្ទុយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ស្តីពីបូរណភាពទឹកដី អធិបតេយ្យភាព ...។ល។
២. ការប្រើសន្ធិសញ្ញា និងផែនទីព្រំដែន សុទ្ធតែមិនត្រឹមត្រូវ មិនស្របច្បាប់ ដែលជាការចង្អុលបង្ហាញដោយភាគីវៀតណាម។
៣. រដ្ឋាភិបាលនៃត្រកូល ហ៊ុន ព្យាយាមបំបាត់ប្រវត្តិសាស្រ្ត នៃបង្គោលព្រំដែនពីសម័យបារាំង ចំនួន ១២៤ បង្គោល រួចក៏ជំនួសដោយបង្គោលថ្មី ខុសច្បាប់បច្ចុប្បន្ននេះ ដែលរំកិលចូលក្នុងទឹកដីខ្មែរជាបន្តបន្ទាប់។
ទង្វើដែលរដ្ឋាភិបាលនៃលោក ហ៊ុន សែន និង ហ៊ុន ម៉ាណែត របៀបនេះ គឺជាការធ្វើសម្បទានទឹកដីជាតិខ្មែរ ឲ្យប្រទេសវៀតណាម ជាថ្នូរនឹងអំណាចរបស់ពួកគេ។ នោះគឺជាទង្វើជាតិប្រហារយ៉ាងជាក់ស្តែង ដែលប្រវត្តិសាស្ត្រខ្មែរ ត្រូវកត់ចំណាំ។
បើសិនជារដ្ឋាភិបាលនៃត្រកូល ហ៊ុន មានការភ្ញាក់រឭក ភាគីកម្ពុជានៅតែអាចសើរើសន្ធិសញ្ញា និងឯកសារខុសច្បាប់នានា ជាមួយវៀតណាម បានគ្រប់ពេល។ បើតាមច្បាប់ ភាគីកម្ពុជាត្រូវធ្វើនិរាករណ៍ឯកសារខុសច្បាប់ និងឯកសារមិនប្រក្រតីទាំងនោះ តាមយន្តការរដ្ឋសភា រួចហើយត្រូវប្តឹងផ្តល់ប្រទេសវៀតណាម ទៅកាន់តុការអន្តរជាតិ និងស្ថាប័នអន្តរជាតិដែលពាក់ព័ន្ធមួយចំនួនទៀត។
អត្ថបទដោយលោក ម៉ែន ណាត
{ប្រធាន}ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (ប្រទេសន័រវែស) /
{អនុប្រធាន}វេទិកាពលរដ្ឋ (សហរដ្ឋអាមេរិក)
ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣
-
No comments:
Post a Comment