The Cambodia Daily
27-12-2023
ម្ចាស់ក្រុមហ៊ុន អ័រគីដេ វីឡា អ្នកស្រី ហ៊ុន ម៉ាណា គឺជាបុគ្គលទី៤ ហើយដែលបានទទួលចំណែកដីរដ្ឋ ក្នុងតំបន់បឹងជើងឯក ជិត ៤០ហិកតារ (៣៧៤៦៧៨ម៉ែត្រក្រឡា) ធ្វើជាកម្មសិទ្ធិ កាលពីដើមឆ្នាំ២០១៨ ពីឪពុករបស់អ្នកស្រី គឺលោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី នៅពេលនោះ។
លោក ហ៊ុន សែន ដែលពលរដ្ឋខ្មែរ ចាត់ទុកជាមេដឹកនាំលួចលក់ទ្រព្យសម្បត្តិជាតិផ្ដាច់មុខនៅកម្ពុជា បានចេញអនុក្រឹត្យ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រេចកាត់ផ្ទៃដី ទំហំជាង ៤០ហិកតារ (៤៧៣១៧៦ម៉ែត្រក្រឡា) ស្ថិតនៅភូមិខ្វា ភូមិម័ល និងភូមិសំបួរ សង្កាត់ដង្កោ ក្នុងរាជធានីភ្នំពេញ ចេញពីផ្ទៃបឹងជើងឯក និងប្រឡាយ ដែលជាដីរដ្ឋ ឱ្យទៅជាកម្មសិទ្ធិក្រុមហ៊ុន អ័រគីដេ វីឡា ឯ.ក របស់អ្នកស្រី ហ៊ុន ម៉ាណា មួយចំណែក ដែលមានទំហំដី ជិត ៤០ហិកតារ (៣៧៤៦៧៨ម៉ែត្រក្រឡា) និងឧកញ៉ា ខូវ គឹមបាក់ មួយចំណែកដែលមានទំហំដី ជិត ១០ហិកតារ (៩៨៤៩៨ម៉ែត្រក្រឡា) ផងដែរ។
លោក ហ៊ុន សែន បញ្ជាឱ្យក្រសួងស្ថាប័ន និងរដ្ឋមន្ត្រី រួមទាំងគណៈកម្មាធិការកំណត់បឹងបួដែលពាក់ព័ន្ធ ត្រូវតែអនុវត្តតាមខ្លឹមសារដែលបានចែងក្នុងអនុក្រឹត្យនេះជាកំហិត។
បឹងទំពុន ឬបឹងជើងឯក ជាបឹងធម្មជាតិនៅភាគខាងត្បូង នៃរាជធានីភ្នំពេញ ដែលមួយចំណែកស្ថិតក្នុងសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ក្នុងខណ្ឌមានជ័យ និងមួយចំណែកទៀត ស្ថិតក្នុងសង្កាត់ដង្កោ និងសង្កាត់ជើងឯក ក្នុងខណ្ឌដង្កោ នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដែលមានផ្ទៃទឹកសរុបប្រមាណ ២៦០០ហិកតារ ប៉ុន្តែនៅឆ្នាំ២០០៨ រដ្ឋាភិបាលកម្ពុជា បានកំណត់យកត្រឹម ៥២០ហិកតារ ប៉ុណ្ណោះ ជាផ្ទៃបឹងរក្សាទុក និងកំណត់ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។
របាយការណ៍របស់អង្គការ លីកាដូ បានបង្ហាញថា បឹងទំពុន ឬបឹងជើងឯក នេះ មានមុខងារប្រើប្រាស់ជាអាងស្ដុកទឹក និងរំដោះទឹកភ្លៀងដ៏សំខាន់ប្រមាណ ៧០% ពីរាជធានីភ្នំពេញ ប៉ុន្តែបឹងនេះ ក៏ត្រូវបានលោក ហ៊ុន សែន កាត់ឆ្វៀលឱ្យក្រុមហ៊ុនឯកជន ធ្វើជាកម្មសិទ្ធិជាបន្តបន្ទាប់។
គិតត្រឹមឆ្នាំ២០២២ កន្លងទៅ បឹងនេះត្រូវបានកាត់ឆ្វៀលអស់ ៩ លើកហើយ ដែលមានទំហំប្រមាណជា ៤០០ហិកតារ (៣៨៤ហិកតារ) ហើយមានក្រុមហ៊ុនចំនួន ១៤ កំពុងមានវត្តមានលើផ្ទៃដី ដែលរដ្ឋាភិបាលបានធ្វើអនុប្បយោគនេះ ក្នុងនោះក៏មានក្រុមហ៊ុន អ័រគីដេ វីឡា របស់អ្នកស្រី ហ៊ុន ម៉ាណា ដែរ។
កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០០៨ លោក ហ៊ុន សែន បានចេញអនុក្រឹត្យមួយ ស្ដីពីការកំណត់ផ្ទៃបឹងជើងឯក និងប្រឡាយ ស្ថិតនៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ជាសម្បត្តិសាធារណៈរបស់រដ្ឋ ដែលមានទំហំសរុបចំនួន ៥២០ហិកតារ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១២ មក បឹងធម្មជាតិក្នុងទីក្រុងមួយនេះ ត្រូវបានកាត់ឆ្វៀលប្រគល់ឱ្យទៅជាកម្មសិទ្ធិរបស់ក្រុមហ៊ុន និងបុគ្គលឯកជនជាបន្តបន្ទាប់ រហូតដល់ឆ្នាំ ២០២២ កន្លងទៅនេះ។
ក្រោយពីការកាត់ឆ្វៀល គេសង្កេតឃើញថា ក្រុមហ៊ុន និងបុគ្គលឯកជនទាំងនោះ បានចាក់ដីលុបបឹងនេះជាបន្តបន្ទាប់ ដើម្បីកសាងអគារពាណិជ្ជកម្មផ្សេងៗ ខណៈក្រុមអ្នកឃ្លាំមើល និងសកម្មជនបរិស្ថាន តែងតែស្នើឱ្យលោក ហ៊ុន សែន បញ្ឈប់នូវការកាត់ឆ្វៀលបន្តទៀត ដើម្បីបញ្ចៀសនូវការចាក់ដីលុបបឹងនេះ ទៅថ្ងៃមុខ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លោក ហ៊ុន សែន បញ្ចេញប្រតិកម្មខ្លាំងៗថា លោកធុញទ្រាន់ចំពោះក្រុមអ្នករិះគន់រូបលោក និងការលើកឡើងដដែលៗមិនចេះចប់ ចំពោះការលុបបឹង ក្នុងទីក្រុងភ្នំពេញរហូតមក។ លោក ហ៊ុន សែន បញ្ជាក់ថា កម្ពុជាត្រូវការការអភិវឌ្ឍ ដូច្នេះរដ្ឋាភិបាល ត្រូវតែលុបបឹង ដើម្បីពង្រីកទីក្រុង។
លោកសួរថា កាលពីមុន គេលុបបឹងក្នុងទីក្រុងភ្នំពេញបាន ចុះពេលនេះហេតុអ្វីលោកលុបមិនបាន?
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងតំណែងជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានសម្រុកបើកដៃឲ្យក្រុមហ៊ុនឯកជន វិនិយោគលុបបឹងធម្មជាតិជាច្រើនកន្លែង រួមមាន បឹងទំពុន បឹងតាមោក និងបឹងកក់ ជាដើម ដែលបឹងទាំងនេះ ធ្លាប់ជាកន្លែងស្តុកទឹក និងរំដោះទឹកដ៏សំខាន់ ក្នុងរដូវវស្សា ដើម្បីកុំឱ្យជន់លិចទីក្រុងភ្នំពេញ។
របាយការណ៍សមាគមធាងត្នោត បានបង្ហាញកាលពីពេលកន្លងទៅថា បឹងធម្មជាតិ និងតំបន់ដីសើមទឹកសាប ដូចជាបឹងធម្មជាតិ និងតំបន់ដីសើម នៅជុំវិញទីក្រុងភ្នំពេញ ជាដើម គឺជាប្រភពទឹក សម្រាប់ផ្តល់អត្ថប្រយោជន៍ដ៏ចម្បងដល់ប្រជាជន និងមានឥទ្ធិពលដល់គុណភាពខ្យល់ តាមរយៈរុក្ខជាតិ ដែលរស់នៅលើទឹកផងដែរ ដែលអាចកាត់បន្ថយនូវជាតិគីមីពុល ដូចជា ការស្រូបយកឧស្ម័នកាបូនិច ហើយបញ្ចេញមកវិញនូវឧស្ម័នអុកស៊ីហ្សែន ដើម្បីបន្សុទ្ធខ្យល់ក្នុងបរិយាកាស និងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់លើផែនដីថែមទៀត។
បឹងធម្មជាតិក្នុងទីក្រុងភ្នំពេញ មាន ២៦ កន្លែង ក្នុងនោះមាន បឹងត្របែក១ បឹងកក់ បឹងស្នោ បឹងឈូក បឹងសាឡាង និងបឹងចំនួន ១១ កន្លែងផ្សេងទៀត ត្រូវបានរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យក្រុមហ៊ុនឯកជន លុបបាត់ទាំងស្រុង ខណៈបឹងទំពុន ឬបឹងជើងឯក និងបឹងតាមោក ជាដើម ត្រូវបានចាក់ដីលុបផ្នែកខ្លះ ហើយក៏កំពុងបន្តលុបបន្ថែមទៀតដែរ សព្វថ្ងៃនេះ។
ក្នុងតំណែងជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានចេញអនុក្រឹត្យកាត់ឆ្វៀលដីក្នុងតំបន់ការពារនានា ឱ្យទៅក្រុមហ៊ុនឯកជន និងបុគ្គលជាបក្ខពួករបស់គាត់ ក្នុងម្នាក់ៗ ចាប់ពីរាប់សិបហិកតារ រហូតដល់រាប់ម៉ឺនហិកតារ ប៉ុន្តែបើទោះបីជាគាត់លែងកាន់តំណែងជានាយករដ្ឋមន្ត្រីហើយក៏ដោយ ក៏គេនៅតែជឿថា គាត់នៅតែមានអំណាចកាត់ឆ្វៀលដីទាំងនោះដដែល តាមរយៈកូនប្រុសរបស់គាត់លោក ហ៊ុន ម៉ាណែត ដែលកំពុងកាន់តំណែងជានាយករដ្ឋមន្ត្រី ជំនួសគាត់នៅពេលនេះ៕
No comments:
Post a Comment