អត្ថបទពីគេហទំព័រ«កំណត់ត្រា»
28-12-2023
រដ្ឋាភិបាលចេញអនុក្រឹត្យ ធ្វើអនុបយោគដីសាធារណៈរបស់រដ្ឋ មកជាដីឯកជនរបស់រដ្ឋ លើផ្ទៃដីសរុបប្រមាណ ៦០០ហិកតា ស្ថិតនៅខេត្តកែប កំពត កោះកុង កំពង់ស្ពឺ និង រាជធានីភ្នំពេញ សម្រាប់គម្រោងអភិវឌ្ឍន៍ និងផ្តល់កម្មសិទ្ធិជូនបុគ្គលឯកជន និងគ្រួសារពលរដ្ឋ។
យោងតាមសៀវភៅរាជកិច្ច លេខ៩៥ ដែលចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នេះ រដ្ឋាភិបាលបានចេញអនុក្រឹត្យ ចំនួន៥ ដាច់ដោយឡែកពីគ្នា និងកំណត់យកផ្ទៃដីសរុបប្រមាណ ៦១៣ហិកតា ដើម្បីធ្វើអនុបយោគពីដីសាធារណៈរបស់រដ្ឋ មកជាដីឯកជនរបស់រដ្ឋ ដែលក្នុងនោះ ផ្ទៃដីសរុបប្រមាណ ១២០ហិកតា គឺស្ថិតនៅឧទ្យានជាតិកែប ត្រូវបានផ្តល់ឱ្យក្រុមហ៊ុន ចំនួន០២ ដែលក្នុងនោះ ក្រុមហ៊ុន ផាមឃីន ឌីវេឡុបម៉ិន ឯ.ក (PUMPKIN DEVELOPMENT CO., LTD) ទទួលបានផ្ទៃដីទំហំ ៥៩ហិកតា ៩៣អា និង ៤៤សង់ទីអា និងក្រុមហ៊ុន រ៉ូយ៉ាល់ ដាយនែមីក ឯ.ក (ROYAL DYNAMIC CO., LTD) ទទួលបានផ្ទៃដីទំហំ ៦០ហិកតា ១៧អា និង ៤៨សង់ទីអា សម្រាប់គ្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ ផ្សារភ្ជាប់នឹងធម្មជាតិ។
ចំណែកផ្ទៃដី ១៥ហិកតា និង ៣៩អា ផ្សេងទៀត ស្ថិតនៅដែនជម្រកសត្វព្រៃពាមក្រសោប ភូមិសាស្ត្រឃុំកោះកាពិ ស្រុកកោះកុង ត្រូវបានផ្តល់ជូនក្រុមហ៊ុន កោះមូល អេកូ រីសត ឯ.ក (KOH MOUL ECO RESORT CO., LTD) សម្រាប់គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ ផ្សារភ្ជាប់នឹងធម្មជាតិ ចំនួន០២។ គម្រោងអភិវឌ្ឍន៍ទេសចរណ៍ទាំង ០៤ នេះ គឺស្ថិតក្រោមលក្ខខណ្ឌជួលអចិន្ត្រៃយ៍ រយៈពេលវែង ៥០ឆ្នាំ។
ដោយឡែកផ្ទៃដីទំហំ ២៩១ហិកតា ស្ថិតនៅឧទ្យានជាតិព្រះមុនីវង្ស "បូកគោ" ភូមិសាស្ត្រសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ត្រូវបានរដ្ឋាភិបាល សម្រេចផ្តល់ឱ្យក្រុមហ៊ុន សុគន្ធខេភី គ្លូប៊ល អ៊ិនវេសម៉ិន ខូ អិលធីឌី សម្រាប់វិនិយោគ លើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងអភិវឌ្ឍន៍ទេសចរណ៍ ក្រោមលក្ខខណ្ឌជួល ប៉ុន្តែ អនុក្រឹត្យនេះ មិនបានបញ្ជាក់ថា ជួលប៉ុន្មានឆ្នាំនោះទេ។
ក្រៅពីការធ្វើអនុបយោគផ្ទៃដីខាងលើ រដ្ឋាភិបាលក៏បានចេញអនុក្រឹត្យ កាត់ឆ្វៀលផ្ទៃដីទំហំ ១៨២ហិកតា ១៤អា និង ០៣សង់ទីអា ចេញពីគម្របព្រៃឈើឆ្នាំ២០០២ នៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ នូវផ្ទៃដីទំហំ ១៧២ហិកតា ៥៧អា និង ៥៩សង់ទីអា សម្រាប់ប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពល រដ្ឋចំនួន ៤០គ្រួសារ ដែលកាន់កាប់ ប្រើប្រាស់និងអាស្រ័យផល និង រក្សាទុកផ្ទៃដី ទំហំ ៩ហិកតា ៥៦អា និង ៤៤សង់ទីអា ជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។
ដោយឡែកនៅរាជធានីភ្នំពេញវិញ រដ្ឋាភិបាលបានសម្រេចកាត់ឆ្វៀលផ្ទៃដី ទំហំ ៥៨១៦៧ម៉ែត្រការ៉េ (ឬជាង ៥៨ហិកតា) ស្ថិតនៅសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ក្នុងខណ្ឌមានជ័យ និងសង្កាត់ដង្កោ ខណ្ឌដង្កោ ពីផ្ទៃបឹងជើងឯក ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងផ្តល់ជាកម្មសិទ្ធិជូនឈ្មោះ លាង ឃុន និងឈ្មោះ ថៃ ជាហួត។
សូមបញ្ជាក់ថា អនុក្រឹត្យទាំង ៥នេះ ដែលចុះកាលបរិច្ឆេទរវាងថ្ងៃទី១៥ និង១៦ ខែសីហា ឆ្នាំ២០២៣ ត្រូវបានចេញនិងចុះហត្ថលេខាដោយលោក ហ៊ុន សែន ដែលពេល នោះ លោកគឺជានាយករដ្ឋមន្ត្រី និងធ្វើឡើងរយៈពេលមួយសប្តាហ៍ មុនរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើរដ្ឋាភិបាលថ្មី អាណត្តិទី៧ ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
តំបន់ឧទ្យានជាតិមួយចំនួន ត្រូវបានរដ្ឋាភិបាលកាត់ឆ្វៀលទៅឱ្យបុគ្គលឯកជន និងក្រុមហ៊ុនធំៗមួយចំនួនជាបន្តបន្ទាប់ សម្រាប់គម្រោងអភិវឌ្ឍន៍ទេសចរណ៍ភ្ជាប់នឹងធម្មជាតិ ដោយកន្លងមក ផ្ទៃដីសរុបជិត ៣០០០ ហិកតានៃឧទ្យានជាតិពីរកន្លែង ត្រូវបានធ្វើអនុបយោគមកជាដីឯកជនរបស់រដ្ឋ សម្រាប់គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនឯកជន ចំនួន ១៤ ក្រោមកិច្ចសន្យាជួលរយៈពេលវែង ៥០ឆ្នាំ៕
No comments:
Post a Comment