The Cambodia Daily
30-01-2024
ប្រភពច្បាស់ការណ៍ពីពលរដ្ឋរស់នៅក្នុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានទម្លាយថា ឧកញ៉ា មិក សាផាណារេត ហៅឧកញ៉ា ជ័យ កំពុងម៉ៅការកាប់ឈើខុសច្បាប់ឱ្យក្រុមហ៊ុនកូរ៉េ ឈ្មោះ ធី អេស អឹម ដាប់ប៊លយូ (T.S.M.W) ដោយប្រើរូបភាពជាលក្ខណៈវិនិយោគលើ ផ្ទៃដីជិត ១ម៉ឺនហិកតារ (៩០០០ហិកតារ) ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ប្រភពពលរដ្ឋជាច្រើននាក់ បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ នៅថ្ងៃទី៣០ មករា នេះថា ក្រុមហ៊ុនកូរ៉េ T.S.M.W ទទួលបានដីវិនិយោគនៅសងខាងទន្លេសេកុង នៅពេលនេះ កំពុងប្រតិបត្តិការកាប់ឈើខុសច្បាប់ នៅចំណុចអូរចន្ទ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង យ៉ាងអនាធិបតេយ្យ ដោយគ្មានការអើពើ ឬការចាត់វិធានការច្បាប់ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចណាមួយឡើយ ខណៈប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក សៅ សុខា ក៏មិនទាន់ឃើញមានចំណាត់ការលើបទល្មើសនេះដែរ។
ប្រភពដដែលរៀបរាប់ថា សព្វថ្ងៃនេះ ក្រុមហ៊ុនកូរ៉េ T.S.M.W កំពុងបន្តកាប់ទន្ទ្រានឈើខុសច្បាប់ ពីចំណុចអូរវែង រហូតដល់ភ្នំក្រឡាពស់ ហើយក៏កំពុងរាតត្បាតគ្រប់ច្រកល្ហកដែរ នៅទីតាំងភាគខាងកើតនៃទន្លេសេកុង។ ចំណែកឈើដែលកាប់រួចរាល់ ត្រូវបានក្រុមហ៊ុនកូរ៉េមួយនេះ ដឹកយកទៅរក្សាទុកនៅដេប៉ូមួយកន្លែង ស្ថិតក្នុងចំណុចអូរត្រកួន ឬត្រពាំងត្រកួន ដែលមានទីតាំងស្ថិតនៅចំណុចកណ្តាល រវាងស្រុកសៀមប៉ាង និងស្រុកសេសាន ខេត្តស្ទឹងត្រែង។
ពលរដ្ឋខាងលើអះអាងថា ឧកញ៉ា ជ័យ ប្រើវិធីសាស្ត្រដឹកជញ្ជូនឈើខុសច្បាប់ ដែលបានកាប់រួចតាមរយៈគោយន្ត ត្រាក់ទ័រ និងរថយន្តកែច្នៃជាច្រើនគ្រឿង ទាំងថ្ងៃទាំងយប់ ទៅស្តុកទុកក្នុងដេប៉ូខាងលើ ហើយបន្តដឹកតាមរថយន្តកុងតឺន័រ យកទៅចែកចាយនៅតាមកន្លែងផ្សេងៗទៀត ជាបន្តបន្ទាប់។
ពលរដ្ឋក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ទាំងនេះបញ្ជាក់ថា ដំណើរការនៃការកាប់ឈើខុសច្បាប់នេះ គឺមានលោក ព្រីង ទិត្យា ជាមេការគ្រប់គ្រងការកាប់ឈើ លោក និត ហៅ គ្និត ជាអ្នកទទួលខុសត្រូវ ដឹកឈើតាមសាឡង់ ឆ្លងកាត់ទន្លេ ចំណែកលោក សេង ជាអ្នករត់ការសូកលុយ ឱ្យសារព័ត៌មាន និងមន្ត្រីមានសមត្ថកិច្ច ដូចជា អង្គភាពសារព័ត៌មានតូចៗ សូកលុយជាង ៣០ម៉ឺនរៀល សារព័ត៌មានធំៗ សូកលុយជាង ១ពាន់ដុល្លារអាមេរិក ជាដើម។
ជាងនេះទៀត ពួកគេក៏សូកលុយទៅឱ្យមន្ត្រីកងរាជអាវុធហត្ថ (PM) ប្រចាំខេត្តស្ទឹងត្រែង ផងដែរដែលមានចំនួនទឹកប្រាក់ ចន្លោះពី ៣ពាន់ដុល្លារអាមេរិក ទៅ ៥ម៉ឺនដុល្លារ ចំណែកស្ថាប័នមានសមត្ថកិច្ច ដូចជា រដ្ឋបាលព្រៃឈើ ត្រូវសូកលុយចាប់ពី ៣ពាន់ដុល្លារឡើងទៅ ហើយមន្ទីរកសិកម្មខេត្ត ក៏ត្រូវសូកលុយប្រមាណ ៣ពាន់ដុល្លារដែរ ខណៈស្ថាប័នពាក់ព័ន្ធក្នុងខេត្តស្ទឹងត្រែង ផ្សេងទៀត ក៏ត្រូវសូកលុយប្រមាណ ៣ពាន់ដុល្លារដូចគ្នាដែរ។
ការអះអាងនេះ ហាក់មានភាពស្របគ្នា ទៅនឹងការរកឃើញរបស់សារព័ត៌មានអន្តរជាតិមួយ ដែលបានលាតត្រដាងថា ឧកញ៉ា មិក សាផាណារេត ហៅឧកញ៉ា ជ័យ គឺជាខ្សែបណ្ដាញរកស៊ីឈើខុសច្បាប់ ឱ្យលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា និងលោក ហ៊ុន សែន មេដឹកនាំបក្សកាន់អំណាចសព្វថ្ងៃនេះ។
កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ សារព័ត៌មានអន្តរជាតិ Mongabay បានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួន ដោយបង្ហាញរចនាសម្ព័ន្ធសែស្រឡាយ ដែលនៅពីក្រោយបទល្មើសរកស៊ីឈើខុសច្បាប់ និងក្រុមហ៊ុនមួយចំនួនយ៉ាងច្បាស់ក្រឡែត ក្នុងនោះ គឺលោក ហ៊ុន សែន ជាអ្នកគ្រប់គ្រងផុតលេខ លោក ហ៊ុន ម៉ាណែត ជាអ្នកគ្រប់គ្រងបន្ទាប់ ចំណែកឧកញ៉ា មិក សាផាណារេត ហៅឧកញ៉ា ជ័យ ជាឈ្មួញ ដែលអនុវត្តដោយផ្ទាល់ ក្នុងរចនាសម្ព័ន្ធនៃឧក្រិដ្ឋកម្មព្រៃឈើនេះ។
Mongabay បានបង្ហាញតារាងរចនាសម្ព័ន្ធថា លោក ហ៊ុន ម៉ាណែត គឺជាអ្នកគ្រប់គ្រងលើរចនាសម្ព័ន្ធឧក្រិដ្ឋជនថ្នាក់ក្រោមដោយផ្ទាល់ ដូចជា ក្រុមការងារគណបក្សយុវជនកម្ពុជា នៅសហរដ្ឋអាមេរិក (CPP Utah Working Group in United State) ជាដើម ដែលមានភរិយារបស់ឧកញ៉ា មិក សាផាណារេត គឺអ្នកស្រី អាន សុខនីន រួមទាំងប្តីរបស់អ្នកស្រី គឺឧកញ៉ា មិក សាផាណារេត ហៅឧកញ៉ា ជ័យ ជាសមាជិកជាន់ខ្ពស់នៃអង្គភាពនេះ។
តារាងរចនាសម្ព័ន្ធខាងលើ បានលាតត្រដាងពីក្រុមហ៊ុនឈើ ដែលអ្នកស្រី អាន សុខនីន និងឧកញ៉ា មិក សាផាណារេត កំពុងប្រតិបត្តិការរកស៊ីដោយខុសច្បាប់ និងលាតត្រដាងអំពីមនុស្សមួយចំនួន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្តីប្រពន្ធមួយគូនេះផងដែរ ក្នុងនោះ អ្នកស្រី អាន សុខនីន គឺជាអគ្គនាយករបស់ក្រុមហ៊ុន ហួត ម៉េង រីតា (Hout Meng Rita) ដែលកំពុងគ្រប់គ្រងលើដីសម្បទានសេដ្ឋកិច្ច នៅខេត្តឧត្តរមានជ័យ និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនមួយចំនួនទៀត។
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ហួត ម៉េង រីតា (Hout Meng Rita) រួមមាន ក្រុមហ៊ុន ធី ង៉ាន (Thy Nhan) កំពុងគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច នៅខេត្តព្រះវិហារ ដែលមានលោក ឡេង ឬទ្ធី ជាអគ្គនាយក និងក្រុមហ៊ុន អង្គរផ្លាយវូដ (Angkor Plywood) ដែលមានឧកញ៉ា ជា ពៅ ហៅ ហួ ជាអគ្គនាយក ដែលត្រូវបានគេរាយការណ៍ថា កំពុងប្រតិបត្តិការកាប់ឈើខុសច្បាប់ ពាសពេញតំបន់អភិរក្សសត្វព្រៃ ព្រៃឡង់ សព្វថ្ងៃនេះ។
តារាងរចនាសម្ព័ន្ធខាងលើបង្ហាញថា ប្រធានក្រុមហ៊ុន អង្គរផ្លាយវូដ (Angkor Plywood) គឺឧកញ៉ា ជា ពៅ ជាបងប្អូនបង្កើតរបស់អគ្គលេខាធិការរង នៃគណៈកម្មាធិការវិនិយោគកម្ពុជា និងជាគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក ជា វុទ្ធី ផងដែរ ហើយបុគ្គលរូបនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការទទួលខុសត្រូវ លើការអនុម័តដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន T.S.M.W ដែលកំពុងគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច នៅខេត្តស្ទឹងត្រែង ដែលមានលោក ស សារ៉ាន់ ជាអគ្គនាយកសព្វថ្ងៃនេះ។
ចំណែកឧកញ៉ា មិក សាផាណារេត ហៅឧកញ៉ា ជ័យ គឺជាអ្នកជ្រោមជ្រែងនៅពីក្រោយក្រុមហ៊ុន T.S.M.W យ៉ាងធំ ហើយលោកក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកស្រី តាំង សៀកមុំ ដែលជាអតីតអគ្គនាយកក្រុមហ៊ុន T.S.M.W ថែមទៀត។
ពលរដ្ឋក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បញ្ជាក់ថា ក្រុមហ៊ុន T.S.M.W ជាក្រុមហ៊ុនមួយ ដែលធ្លាប់ធ្វើការវិនិយោគនៅក្នុងខេត្តក្រចេះ ផងដែរ និងធ្លាប់មានប្រវត្តិបាញ់សម្លាប់ពលរដ្ឋ ដែលបានដឹងអំពីសកម្មភាពបទល្មើសក្នុងការកាប់ឈើខុសច្បាប់របស់គេថែមទៀត ប៉ុន្តែបទល្មើសដែលក្រុមហ៊ុននេះបានប្រព្រឹត្ត មិនត្រូវបានសមត្ថកិច្ច និងរដ្ឋាភិបាលចាត់វិធានការច្បាប់ឡើយ។
ទាក់ទិននឹងបញ្ហានេះ លោក ហ៊ុន សែន បានចេញសេចក្តីសម្រេចមួយដោយតែងតាំងឧកញ៉ា មិក សាផាណារេត ហៅឧកញ៉ា ជ័យ ជាទីប្រឹក្សារបស់គាត់ផងដែរ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះ។
រហូតមកទល់ម៉ោងផ្សាយនេះ សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចសុំការអត្ថាធិប្បាយពីក្រុមហ៊ុន T.S.M.W និងឧកញ៉ា មិក សាផាណារេត ហៅឧកញ៉ា ជ័យ បាននៅឡើយទេ៕
No comments:
Post a Comment