The Cambodia Daily
13-2-2024
ក្រុមអ្នកវិភាគលើកឡើងថា ប្រទេសកម្ពុជា កំពុងក្លាយជាសាច់មួយដុំនៅលើជ្រញ់ ដែលប្រទេសថៃកំពុងស្រេកឃ្លាន ខណៈប្រទេសវៀតណាម និងចិន កំពុងពុះច្រៀកហែកចែកគ្នា តាំងពីដែនគោក រហូតដល់ដែនទឹក ព្រមទាំងលូកលាន់ចូលកិច្ចការនយោបាយផ្ទៃក្នុងប្រទេសកម្ពុជា តាមអំពើចិត្តថែមទៀត។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៧ កុម្ភៈ នេះថា នៅពេលដែលប្រទេសកម្ពុជា មានរដ្ឋាភិបាលមួយដែលគិតតែពីអំណាច មិនគិតពីប្រយោជន៍ជាតិ ដូចរដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃនេះ បរទេសជិតខាងដែលចង់ត្របាក់ប្រយោជន៍ ពីប្រទេសកម្ពុជានោះ ពួកគេមិនខ្លាចនឹងធ្វើអ្វីៗ ដើម្បីផ្គាប់ចិត្តមេដឹកនាំ ដែលឈ្លក់វង្វេងនឹងអំណាចបែបនេះទេ ដើម្បីជាថ្នូរទទួលបានផលប្រយោជ ន៍សម្រាប់ជាតិសាសន៍របស់ពួកគេ។
លោក គឹម សុខ លើកឡើងថា មានការផ្សព្វផ្សាយជាច្រើន អំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគទុន រួមទាំងការដាក់គោលដៅទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា និងថៃ ឱ្យបាន ១៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៥ ប៉ុន្តែអ្វីទាំងអស់នេះ គ្រាន់តែជាការចង់បានពីប្រទេសថៃ ក្នុងជំហានដំបូង មុននឹងបោះជំហានទៅរកការសហការរកស៊ីកាន់តែជ្រៅលើប្រេង និងឧស្ម័ន ក្នុងដែនសមុទ្រត្រួតស៊ីគ្នា នៅថ្ងៃអនាគតប៉ុណ្ណោះ ខណៈមេដឹកនាំគណបក្សប្រជាជនកម្ពុជា មានផែនការត្រឹមតែចង់បោសសម្អាតសកម្មជនប្រឆាំង លើទឹកដីថៃ ទៅវិញ។
អ្នកវិភាគរូបនេះ បញ្ជាក់ថា ការវិលចូលក្នុងឆាកនយោបាយថៃ នៃអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាមិត្តជិតស្និទ្ធនឹងលោក ហ៊ុន សែន រហូតឈានដល់ការអញ្ជើញឱ្យលោក ហ៊ុន ម៉ាណែត ទៅធ្វើទស្សនកិច្ចនៅប្រទេសថៃ នៅពេលនេះ មិនមែនគ្រាន់តែជាការបង្កើតចំណងការទូត រវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថៃ ទំនងជាប្រើទំនាក់ទំនងរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដើម្បីទាញយកផលប្រយោជន៍ពីប្រទេសកម្ពុជា នៅថ្ងៃមុខ តាមសេណារីយ៉ូមួយនេះផងដែរ។
លោក គឹម សុខ គូសបញ្ជាក់ថា ប្រទេសថៃ មិនសប្បាយចិត្តនឹងការប្រជែងដណ្តើមផលប្រយោជន៍គ្នា ពីប្រទេសកម្ពុជា រវាងវៀតណាម និងចិន ដោយអវត្តមានខ្លួនឯងនោះទេ ដូច្នេះដើម្បីផ្គាប់ចិត្តមេដឹកនាំខ្មែរ ដែលហ៊ានលក់ទ្រព្យសម្បត្តិជាតិខ្លួនឯង ព្រោះតែអំណាច រដ្ឋាភិបាលថៃ ក៏នឹងមិនខ្លាចនឹងចាប់ខ្លួនសកម្មជនខ្មែរ ដែលរស់នៅលើទឹកដីរបស់ខ្លួន បញ្ជូនឲ្យរដ្ឋាភិបាលក្រុងភ្នំពេញដែរ ទោះជាអ្នកនោះមានការទទួលស្គាល់ពីការិយាល័យនៃ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ក៏ដោយ ដើម្បីដោះដូរយកប្រយោជន៍ដ៏ធំធេង សម្រាប់ប្រទេសជាតិរបស់ពួកគេដែរ។
កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ហ៊ុន ម៉ាណែត និងលោក ស្រេតថា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានជួបពិភាក្សាការងារទ្វេភាគី ផ្ដោតជាសំខាន់លើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដើម្បីពង្រឹងបន្ថែមទៀត នូវទំនាក់ទំនង រឹតចំណងមិត្តភាពប្រពៃណី រវាងប្រទេសទាំងពីរ ក្នុងនោះ លោក ហ៊ុន ម៉ាណែត ក៏បានអរគុណដល់នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន ក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយផងដែរ បន្ទាប់ពីរដ្ឋាភិបាលថៃ បានចាប់ខ្លួនសកម្មជននយោបាយខ្មែរ មិនឱ្យយកទឹកដីថៃ ធ្វើជាទីតាំងប្រឆាំងនឹងរដ្ឋាភិបាលនៃ គណបក្សប្រជាជនកម្ពុជា របស់លោក។
ចំណែកឯនាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន ក៏បានអះអាងក្នុងសន្និសីទសារព័ត៌មានរួមនោះដែរថា រដ្ឋាភិបាលថៃ នឹងមិនអនុញ្ញាតឱ្យមានការប្រព្រឹត្តសកម្មភាពគ្រោះថ្នាក់ ប្រឆាំងនឹងប្រទេសជិតខាងឡើយ ហើយប្រទេសថៃ នឹងអនុវត្តច្បាប់របស់ខ្លួនយ៉ាងតឹងរ៉ឹង។
ជុំវិញបញ្ហានេះ នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី៧ ខែកុម្ភៈ នេះថា លោក ហ៊ុន ម៉ាណែត គឺជាមេដឹកនាំគាបសង្កត់សិទ្ធិមនុស្សឆ្លងដែនថ្មីនៃ ប្រទេសកម្ពុជា ដែលគាត់កំពុងព្យាយាមធ្វើឱ្យលើសពីឪពុករបស់គាត់ គឺលោក ហ៊ុន សែន ក្នុងការដឹកនាំបែបផ្ដាច់ការ និងការរំលោភបំពានសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា និងការបំពានសិទ្ធិមនុស្សឆ្លងដែន។
លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) សង្កត់ធ្ងន់ថា មេដឹកនាំប្រទេសថៃ គួរតែទទួលស្គាល់ថា ការធ្វើជាអ្នកជិតខាងល្អ ក៏ត្រូវគិតគូរអំពីការលើកកម្ពស់សេរីភាពមនុស្សជាតិដែរ មិនមែនត្រឹមតែការលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ និងការចុះកិច្ចព្រមព្រៀងបូមឧស្ម័នធម្មជាតិប៉ុណ្ណោះទេ។
ទាក់ទិននឹងបញ្ហានេះ អ្នកជំនាញខាងកិច្ចការរដ្ឋបាលលោក ឱក សេរីសោភក្តិ៍ បានលើកឡើងកាលពីពេលថ្មីៗនេះថា សន្ទុះនៃការប្រកួតប្រជែងសេដ្ឋកិច្ច រវាងរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលថៃ ចាប់ពីពេលនេះតទៅ នឹងជះឥទ្ធិពលដ៏អាក្រក់ដល់វិស័យជាច្រើន នៅប្រទេសកម្ពុជា ដោយចៀសមិនផុតឡើយ បន្ទាប់ពីវត្តមានអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចវិលចូលឆាកនយោបាយថៃ វិញនៅពេលនេះ។
លោក ឱក សេរីសោភក្តិ៍ បញ្ជាក់ថា ដើម្បីជំរុញនយោបាយខ្មែរឱ្យបោះជំហានទៅមុខ និងអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន ដាច់ខាត មេដឹកនាំខ្មែរត្រូវតែកសាងម៉ាស៊ីនបច្ចេកទេស សម្រាប់រដ្ឋមួយ ដែលមិនរណបផលប្រយោជន៍គណបក្សនយោបាយ តាមរយៈនៃការបណ្តុះបណ្តាលមន្ត្រីស្អាតស្អំ និងមានសមត្ថភាព។ បន្ថែមពីនេះ ក៏ត្រូវធ្វើការវះកាត់ជំងឺរលេះរលួយដែលខ្លួនមាន ចេញដែរ ព្រោះសព្វថ្ងៃ ជំងឺនេះនឹងធ្វើឱ្យស្លាប់ប្រទេសជាតិទៅថ្ងៃមុខយ៉ាងពិតប្រាកដ៕
No comments:
Post a Comment