ដោយៈ ប៊ី
ភ្នំពេញៈ លំហូរហិរញ្ញប្បទាននៅកម្ពុជា ត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់២៣.៤ពាន់លានដុល្លារឬ៦៩.៨% នៃផលិតផលក្នុងស្រុកសរុប(ផសស)នៅឆ្នាំ២០២៥ ខណៈជម្ងឺកូវីដ១៩ បានធ្វើឱ្យកម្ពុជាខាតបង់លំហូរហិរញ្ញប្បទាន ចំនួន៣.៦ពាន់លានដុល្លារ ដែលស្មើនឹង១៩.៨% នៃលំហូរហិរញ្ញប្បទានសរុបរបស់ប្រទេសក្នុងឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍ថ្មី របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ចេញផ្សាយកាលពីថ្ងៃសុក្រកន្លងទៅ។
យោងតាមសារព័ត៌មានចិន Xinhua ដែលចេញផ្សាយពីរបាយការណ៍នេះ បានឱ្យដឹងថា ប្រភពហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា សម្រាប់ទ្រទ្រង់ដល់ការអភិវឌ្ឍជាតិ រួមមានចំណូលក្នុងស្រុក ការវិនិយោគផ្ទាល់ពីបរទេស (FDI) ការវិនិយោគឯកជនក្នុងស្រុក ការផ្ទេរប្រាក់កម្ចីជំនួយ និងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA)។
របាយការណ៍បានឱ្យថា ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ត្រូវបានគេព្យាករថានឹងរកចំណូលបានចំនួន១៨.២ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍជាតិក្នុងឆ្នាំ២០២០ ប៉ុន្តែដោយសារតែផលប៉ះពាល់នៃជម្ងឺកូវីដ-១៩ កម្ពុជារកបានតែ១៤.៦ពាន់លានដុល្លារប៉ុណ្ណោះ ធ្លាក់ចុះ៣.៦ពាន់លានដុល្លារ ឬ១៩.៨%។
របាយការណ៍ដដែលបាននិយាយថា "ក្នុងចំណោមលំហូរហិរញ្ញប្បទានទាំងអស់ ការវិនិយោគផ្ទាល់ពីបរទេស អាចនឹងធ្លាក់ចុះយ៉ាងខ្លាំង (៣១%) បន្ទាប់មកមានប្រាក់ចំណូលក្នុងស្រុក (ធ្លាក់ចុះ ២៣.៦%) ប្រាក់បញ្ញើ (ធ្លាក់ចុះ ២០.២%) និងការវិនិយោគឯកជនក្នុងស្រុក (ធ្លាក់ចុះ១៦.៣%)"។
របាយការណ៍ដែលមានចំណងជើងថា ការវាយតម្លៃការអភិវឌ្ឍន៍ហិរញ្ញវត្ថុកម្ពុជា (DFA) ក៏បានប៉ាន់ប្រមាណ ហិរញ្ញប្បទាន ដែលមានសម្រាប់ការអភិវឌ្ឍប្រទេសរហូតដល់ឆ្នាំ២០២៥ ដោយព្យាករណ៍ថា លំហូរហិរញ្ញប្បទានសរុប នឹងងើបឡើងបន្តិចម្តងៗពីជម្ងឺរាតត្បាត និងកើនឡើងដល់២៣.៤ពាន់លានដុល្លារ ឬ៦៩.៨% នៃផលិតផលក្នុងស្រុកសរុប (ផសស) នៅឆ្នាំ២០២៥។
របាយការណ៍បាននិយាយថា ប្រាក់ចំណូលក្នុងស្រុក គឺជាប្រភពហិរញ្ញប្បទានដ៏សំខាន់កាន់តែខ្លាំងឡើង សម្រាប់ការអភិវឌ្ឍនៅក្នុងព្រះរាជាណាចក្រ ដែលតំណាងឱ្យ១៩ភាគរយនៃផលិតផលក្នុងស្រុកសរុប នៅឆ្នាំ២០២០ និងបន្តកើនឡើងដល់២២.៥% នៅឆ្នាំ២០២៥។
លោក Nick Beresford តំណាងនិវេសនដ្ឋាន យូអិនឌីភី ប្រចាំប្រទេសកម្ពុជាបានថ្លែងថា "នេះជាលើកដំបូងនៃរូបភាពលំហូរចូលហិរញ្ញវត្ថុ ដែលការរំពឹងទុករបស់កម្ពុជាទាំងអស់ត្រូវបានយកគំរូតាមភាពជាក់លាក់"។លោកបន្ថែមថា"នៅពេលណាដែលយើងអាចបន្ធូរបន្ថយការរឹតត្បិត វិធានការបង្ការជម្ងឺកូវីដ-១៩បាន យើងអាចរំពឹងថា នឹងមានកំណើនដ៏ខ្លាំងក្លា នៅក្នុងលំហូរហិរញ្ញប្បទានអភិវឌ្ឍន៍។ នៅក្នុងលំហូរទាំងនោះ ប្រភពធនធានក្នុងស្រុក កំពុងមានសារៈសំខាន់កាន់តែខ្លាំងឡើង"។
ជាមួយគ្នានេះដែរ កម្ពុជាកំពុងតែរៀបចំផែនការគោលនយោបាយ ស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ពីវិបត្តិជំងឺរាតត្បាតសកលកូវីដ១៩ឆ្នាំ២០២១-២០២៣ ដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈការធានារក្សាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈលើគន្លង នៃប្រក្រតីភាពថ្មី ព្រមទាំងលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីបង្កើនសមត្ថភាពនាំចេញទាំងក្នុងតំបន់ និងពិភពលោក។
មូលដ្ឋានគ្រឹះសំខាន់ៗចំនួន៣ ដែលកម្ពុជាកំពុងរៀបចំមានដូចជា ការស្តារឡើងវិញ តាមរយៈការកសាងមូលដ្ឋានរឹងមាំ សម្រាប់សេដ្ឋកិច្ចវិលទៅមាគ៌ា នៃកំណើនឡើងវិញ ដោយផ្តោតលើការធានាសុវត្ថិភាព ការគ្រប់គ្រងផលប៉ះពាល់ ការរក្សាលំនឹង និងជំរុញឱ្យងើបឡើងវិ ញនៃធុរកិច្ចដែលមានសក្តានុពល ពិសេសក្នុងវិស័យដែលទទួលរងផលប៉ះពាល់ខ្លាំង និងការបង្កើតការងារបន្ថែមច្រើន និងឆាប់រហ័ស។
ការកែទម្រង់ដោយបន្តដាក់នូវវិធានការកែទម្រង់សំខាន់ៗ ដូចជារចនាសម្ព័ន្ធដែលមាន ការធ្វើឱ្យប្រសើរឡើងនូវបរិយាកាស និងកិច្ចសម្រួលពាណិជ្ជកម្ម ការវិនិយោគ និងធុរកិច្ច និងការជំរុញ និងការអភិវឌ្ឍឌីជីថលលូបនីយកម្ម ក្នុងប្រព័ន្ធសេដ្ឋកិច្ចទាំងវិស័យសាធារណៈ និងឯកជន។
ការកសាងភាពធន់ដោយពង្រឹងការត្រៀមខ្លួន និងការឆ្លើយតបទៅជំងឺ ឬស្ថានភាពស្រដៀងគ្នាដែលអាចផ្ទុះឡើងនាពេលអនាគត ដោយផ្តោតលើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គមដែលរឹងមាំ មានប្រសិទ្ធភាព និងការធានានូវចីរភាព និងបរិយាប័ន្នកម្មនៃការស្តារ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕
No comments:
Post a Comment