ដោយៈ សុផារី
កំពតៈ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ថ្ងៃទី២៩ ខែមីនានេះបានបញ្ជាក់ថា កំពង់ផែទេសចរណ៍កំពតបានបញ្ចប់ ការសាងសង់ជាង៩៣ភាគរយហើយ តែយ៉តយ៉ាវជាងផែនការកំណត់ ខណៈរដ្ឋាភិបាលបានដាក់កំណត់ឱ្យរយៈពេល៣ខែទៀត ដើម្បីបញ្ជប់ការសាងសង់១០០ភាគរយ។


លោកបានមានប្រសាសន៍ថា គម្រោងសាងសង់កំពង់ផែទេសចរណ៍កំពត ប្រើប្រាស់ថវិកាកម្ចីពីធនាគារអភិវឌ្ឍនអាស៊ីចំនួន៩.២លានដុល្លារអាមេរិក។
កន្លងមក គម្រោងនេះត្រូវបានពន្យារពេលបញ្ចប់ជាច្រើនដងមកហើយ ដោយតាមផែនការដំបូងត្រូវបញ្ចប់នៅខែមេសា ឆ្នាំ២០២០ តែនាពេលនេះ ក្រសួងតម្រូវឱ្យក្រុមហ៊ុនសាងសង់បញ្ចប់គម្រោងរបស់ខ្លួនត្រឹមខែមិថុនា ព្រោះត្រូវបិទបញ្ជីទាក់ទងនឹងថវិកា នៃការសាងសង់របស់ ADB នៅចុងខែមិថុនាខាងមុខនេះ។

លោកបានបន្តថា "ខ្ញុំបានពិភាក្សាជាមួយក្រុមហ៊ុនសាងសង់ថា នឹងពន្យារពេលក្នុងការសាងសង់រហូតដល់ខែមិថុនា ដើម្បីឱ្យក្រុមហ៊ុនសាងសង់ មានឱកាសជ្រើសរើសបុគ្គលិកបន្ថែម ដើម្បីធ្វើកិច្ចការនេះបន្ត"។

បើតាមការលើកឡើងរបស់លោករដ្ឋមន្ត្រី ជម្រៅទឹកនៃគម្រោងនេះអនុញ្ញាតឱ្យនាវាទេសចរណ៍ដែលផ្ទុកទេសចរប្រហែល១០០ ទៅ២០០ នាក់ចូលចតបាន។ យ៉ាងណាក្តី គម្រោងនេះនឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត មកលេងកំសាន្តនៅក្នុងខេត្តកំពតនិងកែបថែមទៀតផង៕

No comments:
Post a Comment