The Cambodia Daily
13-10-2023
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង អះអាងថា ជនជាតិវៀតណាម ដែលកំពុងលួចឆ្លងដែនចូលទឹកដីខ្មែរដោយខុសច្បាប់ តាមច្រករបៀងនៅមុនរដូវភ្ជុំបិណ្ឌនេះ គ្មានសមត្ថកិច្ចខ្មែរណាមួយ ហ៊ានចាត់វិធានការទប់ស្កាត់នោះទេ ខណៈជនជាតិខ្មែរ ដែលមានលិខិតឆ្លងដែនត្រឹមត្រូវ ចូលទៅទឹកដីកម្ពុជាក្រោម ដើម្បីចូលរួមពិធីបុណ្យកាន់បិណ្ឌ កាលពីពេលថ្មីៗនេះ ត្រូវអាជ្ញាធរវៀតណាម ហាមឃាត់មិនចូលដាច់ខាត ទោះពួកគេមានឯកសារត្រឹមត្រូវក៏ដោយ។
តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១១ តុលា នេះថា ជនជាតិវៀតណាម ដែលបានលួចឆ្លងដែនចូលទឹកដីខ្មែរ ក្នុងខេត្តព្រៃវែង ដោយខុសច្បាប់នៅមុនរដូវភ្ជុំបិណ្ឌនេះ គ្មានសមត្ថកិច្ចមូលដ្ឋានណាម្នាក់ ហ៊ានទប់ស្កាត់នោះទេ ហើយសកម្មភាពបែបនេះ បានបង្ហាញឱ្យឃើញថា ជនជាតិវៀតណាម ដែលលួចឆ្លងដែនចូលទឹកដីខ្មែរនេះ ក៏មិនមែនទើបតែនឹងកើតមានពេលនេះដែរ គឺមានតាំងពីយូរមកហើយ ទើបពួកគេអាចឆ្លងដែន តាមច្រករបៀងខុសច្បាប់បន្តកន្ទុយគ្នាបែបនេះ។
លោក អ៊ុំ សំអាន លើកឡើងថា ដោយសារតែការអនុវត្តច្បាប់របស់រដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរមូលដ្ឋាន នៃរដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ធូររលុងបែបនេះហើយ ទើបជនជាតិវៀតណាម ទាំងស្របច្បាប់ និងខុសច្បាប់ នាំគ្នាសម្រុកចូលទឹកដីខ្មែរដោយសេរី។
លោកបន្ថែមថា ជនជាតិវៀតណាមទាំងនោះ មិនត្រឹមតែចូលទៅទឹកដីខ្មែរ ដើម្បីប្រកបមុខរបរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំគ្នាទៅរស់នៅដោយខុសច្បាប់ទៀត ខណៈរដ្ឋាភិបាលរបស់លោក ហ៊ុន សែន និងរដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត បែរជាផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ និងផ្តល់សញ្ជាតិខ្មែរឱ្យជនជាតិវៀតណាម ដែលចូលទឹកដីខ្មែរដោយខុសច្បាប់ទាំងនោះ ទៅវិញ។
ការអះអាងរបស់លោក អ៊ុំ សំអាន នេះ ធ្វើឡើងបន្ទាប់ពីពលរដ្ឋបានទម្លាយវីដេអូ ដែលពួកគាត់ថតបានសកម្មភាពលួចឆ្លងដែនដោយខុសច្បាប់ របស់ជនជាតិវៀតណាម ចូលទឹកដីខ្មែរ នៅមុនរដូវភ្ជុំបិណ្ឌនេះ។
កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ពលរដ្ឋបានបង្ហោះវីដេអូតៗគ្នា ពីសកម្មភាពលួចឆ្លងដែនតាមទូក របស់ជនជាតិវៀតណាម ចូលទៅក្នុងទឹកដីខ្មែរ តាមច្រករបៀងខុសច្បាប់ ក្នុងខេត្តព្រៃវែង ដែលមានចំនួនរាប់សិបនាក់ក្នុង ១ថ្ងៃៗនៅមុនរដូវភ្ជុំបិណ្ឌនេះ ប៉ុន្តែសមត្ថកិច្ចមូលដ្ឋានបានឆ្លើយថា ពួកគេមិនបានដឹងពីរឿងនេះទេ ព្រោះពួកគេរវល់ផឹកកាហ្វេ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ អាជ្ញាធរវៀតណាមបានបដិសេធសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២រូប គឺលោក ស្រ៊ុន ស្រ៊ន និងកញ្ញា សោភា ទៅចូលរួមកម្មវិធីកាន់បិណ្ឌ នៅខេត្តព្រះត្រពាំង ជាមួយពលរដ្ឋខ្មែរជាង ១០០នាក់ផ្សេងទៀតដាច់ខាត ហើយអាជ្ញាធរវៀតណាម ក៏មិនបានបញ្ជាក់ពីហេតុផលចំពោះការហាមឃាត់នេះដែរ បើទោះបីជាអ្នកទាំងពីរ មានឯកសារឆ្លងដែនស្របច្បាប់គ្រប់គ្រាន់ហើយក៏ដោយ។
កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានចេញសេចក្តីណែនាំមួយ ដែលបានបញ្ជាឱ្យអាជ្ញាធរខេត្តជាប់ព្រំដែន ជាមួយប្រទេសជិតខាងគ្រប់ខេត្ត បិទច្រករបៀងខុសច្បាប់ទាំងអស់ជាបន្ទាន់ ដើម្បីឱ្យក្រសួងមហាផ្ទៃ សិក្សាឡើងវិញអំពីនីតិវិធី ក្នុងការបង្កើតច្រកទ្វារព្រំដែនផ្លូវការ សម្រាប់ខេត្តទាំងនោះ។
លោក ស សុខា ព្រមានថា ក្នុងករណីច្រកទ្វារព្រំដែនណាមួយ កើតមានបញ្ហាមិនប្រក្រតី ដែលបណ្តាលមកពីការអនុវត្តតួនាទីភារកិច្ច មិនបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដែលបានកំណត់ ក្រសួងមហាផ្ទៃ នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានករណីលើកលែងដាច់ខាត។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បញ្ជាក់ថា ក្រសួងមហាផ្ទៃ បានកត់សម្គាល់ឃើញពីភាពខ្វះចន្លោះ និងភាពមិនប្រក្រតីមួយចំនួន ដែលកើតចេញពីការធ្វេសប្រហែស ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ចនៅតាមបណ្តាខេត្តជាប់ព្រំដែន នាពេលកន្លងមក ដូច្នេះដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ និងបញ្ឈប់នូវការចេញឯកសារឆ្លងដែនមិនប្រក្រតី គឺមានតែបិទច្រករបៀងខុសច្បាប់ប៉ុណ្ណោះ។
ការលួចឆ្លងដែនរបស់ពលរដ្ឋវៀតណាម ដោយខុសច្បាប់ចូលទឹកដីកម្ពុជា មិនមែនទើបនឹងកើតឡើងទេ ហើយក៏មិនមែនកើតឡើងតែក្នុងខេត្តព្រៃវែង ដែរ។ ជាក់ស្តែង កាលពីអំឡុងខែតុលា ឆ្នាំ២០២២ ពលរដ្ឋបានផ្សព្វផ្សាយពីសកម្មភាពលួចឆ្លងដែនចូលនេសាទខុសច្បាប់ ពីសំណាក់ជនជាតិវៀតណាម នៅម្តុំព្រែកនៀល ស្ថិតនៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ម្តងរួចមកហើយ។
ជាងនេះទៀត កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៣ ជនជាតិវៀតណាមខុសច្បាប់ ក៏បានឆ្លងដែននាំគ្នា យកគោក្របីរបស់ពួកគេទៅឃ្វាលលើទឹកដីខ្មែរ ក្នុងខេត្តស្វាយរៀង រាប់សិបក្បាលជារៀងរាល់ថ្ងៃដែរ ខណៈមេប៉ុស្តិ៍នគរបាលឃុំគ្រួស និងមេឃុំគ្រួស ជាដើម ឆ្លើយថាពួកគេជាប់រវល់ គ្មានពេលមកមើលគោក្របីរបស់វៀតណាម ឆ្លងចូលមកទឹកដីខ្មែរនោះទេ។
ជនជាតិវៀតណាម ដែលបានលួចឆ្លងដែន ទៅរស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ត្រូវគេមើលឃើញថា ពួកគេមិនត្រឹមតែមិនទទួលទោសទណ្ឌទេ ប៉ុន្តែបែរជាទទួលបានសញ្ជាតិខ្មែរ ដោយស្របច្បាប់ពី រដ្ឋាភិបាលកម្ពុជាទៅវិញ។ ជាក់ស្តែង នៅដើមឆ្នាំ២០២៣ នេះ ជនជាតិវៀតណាម បានទទួលសញ្ជាតិខ្មែរព្រោងព្រាត ដោយស្របនឹងសារាចរណែនាំរបស់មេដឹកនាំខ្មែរ ដែលវៀតណាមលើកបន្តុបលោក ហ៊ុន សែន ទសវត្សឆ្នាំ១៩៨៦ ទាំងស្រុង។
កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៨៦ មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុប លោក ហ៊ុន សែន បានចុះហត្ថលេខាលើសារាចរណែនាំស្ដីពីការអនុវត្តគោលនយោបាយ ចំពោះនិគមជនវៀតណាមនៅកម្ពុជា ដែលតម្រូវឲ្យរដ្ឋាភិបាលកម្ពុជាផ្តល់ដីធ្លី ទីជម្រក ផ្តល់អត្តសញ្ញាណប័ណ្ណ ថែរក្សា និងផ្គត់ផ្គង់ឲ្យបានត្រឹមត្រូវ ហើយសារាចរនេះ នៅតែមានសុពលភាពរហូតដល់សព្វថ្ងៃនេះ ខណៈរដ្ឋាភិបាលកម្ពុជា ក៏កំពុងតែអនុវត្តនូវការផ្តល់សិទ្ធិរស់នៅ ដល់ជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ លើទឹកដីរបស់ខ្លួនជាបន្តបន្ទាប់ផងដែរ នៅពេលនេះ៕
រូបភាពបង្គោលព្រំដែនខ្មែរ ខេត្តត្បូងឃ្មុំ និងរូបថតលោក ហ៊ុន ម៉ាណែត លោក អ៊ុំ សំអាន លោក ម៉ែន ណាត។
No comments:
Post a Comment